ទើបចេញពីគុកបានជាងមួយខែមិនរាងចាលដើរលួចអាគុយរថយន្តម្ដងទៀតនគរបាលចាប់ដាក់ខ្នោះបញ្ជូលគុកដដែល

ចែករំលែក៖

ខេត្តបាត់ដំបង÷ ពិតជាមិនរាងចាលមែនដែលបុរសពីរនាក់ទើបចេញនឹងចេញពីពន្ធនាគារបានជាងមួយខែសោះ ពួកគេមិនរាងចាល មិនមានគំនិតកែប្រែក្នុងអំពើចោរកម្ម បែរជាដើរលួចទ្រព្យសម្បត្តិអ្នកដទៃ ហើយត្រូវបាននគរបាលចាប់ដាក់គុកទាំង២នាក់ម្ដងទៀត។
ហេតុការណ៍ឃាត់ខ្លួនបុរស២នាក់នេះកើតឡើងនៅថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២២ បន្ទាប់ពីពួកគេរួមគ្នាលួចអាគុយរថយន្តអ្នកដទៃកាលពីយប់ថ្ងៃទី 22 ខែមិថុនាឆ្នាំ 2022 នៅភូចំណុចក្រុមទី 41 ភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងខេត្តបាត់ដំបង។
មន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងបាត់ដំបងបានឱ្យដឹងថាជនសង្ស័យពីរនាក់នេះមានឈ្មោះ ១.ស៊ាន ភក្តី ភេទប្រុសអាយុ 20 ឆ្នាំ មានទីលំនៅ ភូមិវត្តលៀបសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ២.ឈ្មោះនូ ចាន់ណាហៅ ឆាវ ភេទប្រុស អាយុ 39 ឆ្នាំស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ជនសង្ស័យ ២នាក់នេះធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារតាំងពីថ្ងៃទី 9 ខែឧសភាឆ្នាំ 2021 ហើយទើបតែរួចពីពន្ធនាគារបានជាង 1 ខែប៉ុណ្ណោះ។
រីឯជនរងគ្រោះឈ្មោះ ឈឿន សុផា ភេទប្រុស អាយុ 50 ឆ្នាំមានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោងក្រុង-ខេត្តបាត់ដំបង ដែលបានទៅដាក់ពាក្យបណ្ដឹងដោយប្រាប់ថា គាត់បានទុករថយន្តនៅមុខផ្ទះត្រង់ចំណុចខាងលើតែត្រូវជនមិនស្គាល់មុខលួចដោះយកអាគុយយកទៅបាត់។ បន្ទាប់ពីទទួលពាក្យបណ្ដឹងនេះភ្លាមសមត្ថកិច្ចស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង ២ នាក់ព្រមទាំងដកហូតអាគុយរថយន្តចំណុះ៧០អំពែរពណ៌ទឹកប៊ិច១គ្រឿងជារបស់ជនរងគ្រោះបានមកវិញ។
ដោយមានការឆ្លើយសារភាពរបស់ជនសង្ស័យទាំង ២ នាក់ដែលសារភាពថា ពួកគេពិតជាបានលួចអាគុយរថយន្តរបស់ជនរងគ្រោះមែននោះ កម្លាំងនគរបាលក្រុងបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ២ នាក់នេះឲ្យចូលដេកគុកវិញជាលើកទី 2៕

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print