កម្លាំងសមត្ថកិច្ច​ចម្រុះ បន្តចុះបង្ក្រាបទល្មើសនេសាទ​ បានដកហូត​និងរុះរើ​ កម្ទេចចោលរបាំងសាច់អួន​ជាច្រើន​ នៅខេត្ត​កំពង់ឆ្នាំង​ក្នុងរយៈពេល ២ថ្ងៃនេះ!

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖​ កម្លាំង​សមត្ថកិច្ចចម្រុះ ដឹកនាំដោយអភិបាលរង ខេត្តកំពង់ឆ្នាំង លោក សាន់ យូ បន្តចុះបង្ក្រាបបទល្មើសនេសាទ នៅរដូវបិទនេសាទត្រីពងកូន នៅក្នុងរដូវទឹកទន្លេ កំពុងឡើង ជាបន្តបន្ទាប់ ក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៤ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២២ ។

សូមជម្រាបថា​ នៅក្នុងកិច្ចប្រតិបត្តិការ ថ្ងៃទី២៥ មិថុនា ២០២២នេះ បានធ្វើឡើង នៅពីរចំណុច គឺនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ និងចំណុចវាលភក ឃុំផ្លូវទូក ក្នុងភូមិសាស្រ្ត ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

បើយោងតាមរបាយការណ៍ របស់ខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដែលយើងទទួលបានជាលទ្ធផល នៃក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទ​ថ្ងៃនេះ​ បានរុះរើ និងកំទេចចោលរបាំងសាច់អួន ២ករណី ស្មើនឹង ១៣​ កន្លែង ដែលមានប្រវែង ៦៨០ ម៉ែត្រ បង្គោលចំនួន ៦០០ ដើម លបលូសាច់អួន ២១ មាត់ និងបានលែងកូនត្រីល្អិតៗ ចូលទន្លេវិញ ។

ជាមួយគ្នានោះ​ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវ ម្តងហើយ ម្តងទៀត ដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានមុខរបរនេសាទត្រី សូមបញ្ឈប់បន្ទាន់ នូវសកម្មភាពនេសាទត្រី ដោយឧបករណ៍គ្រប់ប្រភេទ ដែលច្បាប់ហាមឃាត់ នៅក្នុងរដូវបិទនេសាទត្រីពងកូន និងជារដូវទឹកទន្លេ កំពុងឡើង ដើម្បីថែរក្សាការពានិរន្តរភាពពូជត្រី និងព្រៃលិចទឹក ដើម្បីថនិកសត្វផ្សេងៗ រស់នៅពងកូន បន្តពូជ សម្រាប់កូនចៅជំនាន់ក្រោយៗ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងខេត្តកំពង់ឆ្នាំងនេះដែរ ត្រូវគេមើលឃើញថា បានធ្វើជាលើកដំបូង នៅក្នុងរដូវបិទនេសាទត្រីពងកូន ហើយក៏ជា រដូវទឹកទន្លេ កំពុងឡើង នៅគ្រាដែលភ្លៀង នៅតែបន្តធ្លាក់ផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print