ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានសន្យាថាទីក្រុងមូស្គូនឹងបញ្ជូនមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូទៅកាន់ប្រទេសបេឡារូស ដើម្បីជួយការពារប្រទេសនេះ។ ជាមួយគ្នានេះរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថាកំពុងតែអូសទាញបេឡារូសចូលក្នុងសង្គ្រាម។
តាមការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី ប្រធានាធិបតីពូទីន នៅថ្ងៃទី ២៥ខែមិថុនា បាននិយាយទៅកាន់សមភាគីបេឡារូស លោក Alexander Lukashenkoថា ទីក្រុងមូស្គូនឹងផ្តល់ឱ្យប្រទេសនេះនូវប្រភេទមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ ដើម្បីការពារប្រទេស។
លោកពូទីនបានបញ្ជាក់ថា «យើងនឹងផ្តល់ឱ្យប្រទេសបេឡារូសនូវប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Iskander-M ទាំងពីរប្រភេទ គឺប្រភេទធម្មតា និងប្រភេទបំពាក់ក្បាលគ្រាប់បរមាណូ។ ជាមួយគ្នានេះរុស្ស៊ីនឹងជួយអភិវឌ្ឍន៍យន្តហោះចម្បាំង ប្រភេទ Su-25 របស់ បេឡារូស ដើម្បីឱ្យយន្តហោះនេះអាចបំពាក់អាវុធបរមាណូ វាយប្រហារគោលដៅ។
សកម្មភាពនោះត្រូវបានរដ្ឋាភិបាលអ៊ុយក្រែនចោទប្រកាន់ថា រុស្ស៊ីកំពុងតែអូសទាញបេឡារូសចូលក្នុងសង្គ្រាមរបស់រុស្ស៊ី ។ ជាមួយគ្នានោះរុស្ស៊ីនឹងប្រើប្រាស់ទឹកដីបេឡារូសដើម្បីវាយប្រហារគោលដៅក្នុងប្រទេសអ៊ុយក្រែន៕ ដោយធីរីណា
រូបថត : SPUTNIK