រន្ទះប្រល័យស្ត្រីពោះធំជិតគ្រប់ខែម្នាក់បណ្ដាលឱ្យស្លាប់ចោលប្ដីនិងកូន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពិតជាសង្វេគខ្លាំងណាស់ ដែលស្ត្រីមានផ្ទៃពោះ៨ខែម្នាក់កំពុងអង្គុយចាក់ខ្យងហួបបាយនៅក្បែរផ្ទះក៏ស្រាប់តែត្រូវរន្ទះបាញ់បណ្ដាលឱ្យរងរបួសធ្ងន់ ហើយបន្តិចក្រោយមកបានស្លាប់ចោលប្តីនិងកូនប្រុសស្រី៨នាក់ពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យកាលពីវេលាម៉ោង៥និង២០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាជនរងគ្រោះមានឈ្មោះ បាន លី ភេទស្រី អាយុ៤៤ឆ្នាំ (មានផ្ទៃពោះ៨ខែ) នៅភូមិកើតហេតុ មានសមាជិកក្នុងគ្រួសារសរុប៨នាក់ ក្នុងនោះមានស្រី៤នាក់។សមត្ថកិច្ចបន្តថា មុនកើតហេតុមានធ្លាក់ភ្លៀងមួយមេធំ និងមានផ្គររន្ទះ ខ្យល់កន្ត្រាក់បក់បោកផងដែរ។ គ្រានោះមានសេចក្ដីរាយការណ៍ថា រន្ទះបានបាញ់ចំស្ត្រីម្នាក់មានផ្ទៃពោះជិតគ្រប់ខែបណ្ដាលឱ្យរងរបួសធ្ងន់ពេលគាត់កំពុងអង្គុយចាក់ខ្យងហូបបាយនៅក្បែរផ្ទះ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋានបានបញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះ តែអកុសលគាត់បានស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាព។
ប្រភពបន្តថា គ្រួសារខាងលើមានជីវភាពទីទាល់ក្រខ្វះខាតរកព្រឹកខ្វះល្ងាច មុខរបរមិនពិតប្រាកដ ដើរបេះបន្លែតាមរបងផ្ទះអ្នកស្រុក តាមដុបតាមព្រៃ រើសខ្យងលក់ដើម្បីជីវភាពគ្រួសារ តែអនិច្ចាត្រូវរន្ទះប្រល័យទាំងខ្លួនមានផ្ទៃពោះ។ តើហេតុអ្វីគ្រួសារនាងមានកម្មពៀរបែបនេះទៅវិញ គួរតែទុកឱ្យនាងមានជីវិតបន្តចិញ្ចឹមកូនប្រុសស្រីបានធំធាត់កុំឱ្យខ្ចាត់ព្រាត់ ទុក្ខជាន់ទុក្ខបែបនេះ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print