ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកលឿនទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងប៉ើងម៉ូតូទៅមុខជាច្រើនម៉ែត្រ ។ ចំណែករថយន្តបង្កហេតុបានបើកបត់ត្រឡប់ក្រោយគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ប៊ុន សត្យារិទ្ធ អាយុ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1JK-3127 តាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ដោយមានគោលបំណងត្រឡប់ទៅផ្ទះវិញ លុះពេលជិះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តពណ៌សមួយគ្រឿង មិនស្គាល់ម៉ាក(ស្លាកលេខជ្រុះនៅកន្លែងកើតហេតុមានលេខភ្នំពេញ2AE-8533) បើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រស្របទិសគ្នាយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យបុរសអ្នកបើកម៉ូតូស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯកជនមួយកន្លែងនៅខណ្ឌដង្កោ។ចំណែកឯរថយន្តបង្កបានបើកបត់ត្រឡប់ក្រោយរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំក្រុមគ្រួសារទៅទទួលយក ហើយបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តបង្កសមត្ថកិច្ចនឹងស្រាវជ្រាវតាមស្លាកលេខបន្ត ដើម្បីឃាត់ខ្លួនអ្នកបើកបរយកមកចាត់ការទៅតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ