ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជំនួយការផ្ទាល់ឧកញ៉ាម្នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធពីបទ រំលោភលើទំនុកចិត្ត និងឆបោកលើទឹកប្រាក់ប្រមាណជាង២១ម៉ឺនដុល្លារអាមេរិក ។
ជំនួយការឧកញ៉ារូបនោះ មានឈ្មោះ យឹង សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។
ហើយទាក់ទិននឹងការឃាត់ខ្លួនជំនួយការឧកញ៉ាបញ្ជូនទៅតុលាការនោះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០២១ ដើមបណ្តឹងបានបើកក្រុមហ៊ុនមួយ ដោយតម្រូវឲ្យឈ្មោះ យឹង សារ៉ាត់ ដែលជាជំនួយការឧកញ៉ា ប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ ដើម្បីឲ្យចូលបម្រើការងារតាមផ្នែកតាមជំនាញដែលក្រុមហ៊ុនត្រូវការ ។ បន្ទាប់ឈ្មោះ យឹង សារ៉ាត ក៏បានជ្រើសសបុគ្គលិកបានមួយចំនួនឲ្យចូលធ្វើការងារពិតប្រាកដ និងបើកប្រាក់ខែតាមការកំណត់ ។
ប៉ុន្តែក្រោយមក ក្រុមហ៊ុនបានរកឃើញការដឹកនាំ និងការគ្រប់គ្រង ចាត់ចែង លើបុគ្គលិក ដោយមានភាពអនាធិបតេយ្យរបស់ឈ្មោះ យឹង សារ៉ាត់ ធ្វើរបាយការណ៍មិនត្រឹមត្រូវ ភូតកុហកក្រុមហ៊ុន ជាពិសេសមានបុគ្គលិក (ខ្មោច) ដូចជា តៃកុឡាន ព្រូឡាន ឈ្មោះខ្លះឈប់ ខ្លះមិនចូលធ្វើការ នៅតែបើកប្រាក់ខែពីក្រុមហ៊ុន ដែលក្រុមហ៊ុនត្រូវបានចំណាយប្រាក់រាប់ពាន់ដុល្លារក្នុងមួយខែឲ្យទៅឈ្មោះ យឹង សារ៉ាត់ សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិកនោះ ។
ទីបំផុតនៅពេលគណនេយ្យក្រុមហ៊ុនបិទបញ្ជីចំណូលចំណាយប្រចាំខែ ដើម្បីរាយការណ៍ជូនឧកញ៉ាម្ចាស់ក្រុមហ៊ុន ទើបដឹងពីការបាត់បង់ថវិកានោះ លុះពេលស្រាវជ្រាវទៅក៏ធ្លាក់លើជំនួយការឧកញ៉ា ជាអ្នកកិបកេង និងធ្វើឲ្យបាត់បង់ប្រាក់ តាមរូបភាពជ្រើសរើសបុគ្គលិកខ្មោច ដែលម្ចាស់ក្រុមហ៊ុនទុកចិត្តជំនួយការ មិនបានតាមដានឲ្យដិតដល់ ។
តែបើតាមចម្លើយសារភាពរបស់ជនសង្ស័យវិញបានឱ្យដឹងថា ការចោទប្រកាន់ខាងលើនេះ គឺមិនពិតទេ ខ្លួនត្រូវបានឧកញ៉ា ចាត់តាំងឲ្យធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន ការជ្រើសរើស និងគ្រប់គ្រងបុគ្គលិកមុនចូលបម្រើការងារ គឺសុទ្ធតែឆ្លងកាត់ការសម្ភាសន៍ជាមួយក្រុមប្រឹក្សាភិបាល និងធនធានមនុស្សរបស់ក្រុមហ៊ុន រួចបញ្ជូនទៅឧកញ៉ាថៅកែក្រុមហ៊ុនពិនិត្យសម្រេច ដើម្បីមានឈ្មោះសម្រាប់បើកប្រាក់ខែ និងមិនធ្វើអ្វីតាមចិត្តទេ ។
តែយ៉ាងណាក្តី សំណុំរឿងខាងលើនេះ បាននិងកំពុងស្ថិតនៅដំណាក់កាលស្ថាប័នអយ្យការបើកការស៊ើបសួរ ដើម្បីរកបទល្មើស និងចោទប្រកាន់ជាផ្លូវការចាត់ រួចចាត់បញ្ជូនទៅខាងចៅសម្រេចឃុំខ្លួនជនសង្ស័យ ៕ដោយ រ៉ារ៉ា