ភ្នំពេញ ៖ មកពីខេត្ត សុំដីមុខផ្ទះគេ ដើម្បីរកស៉ីប៉ះកង់ ម៉ូតូ និងលក់សាំងដប ខណៈកំពុងប៉ះកង់ម៉ូតូ ត្រូវកូនតូចអាយុ១ខួបជាង លេងដបសាំង បណ្តាលឲ្យបែកឆេះតូបគ្មានសល់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីលោកពូជាម្ចាស់តូបប៉ះកង់ម៉ូតូបាននិយាយថា មុនពេលកើតហេតុ គឺមានភ្លៀងធ្លាក់រលឹម គាត់ក៏បានយកសាំងក្នុងដបចំនួន៣ដប ដែលដាក់លក់នៅខាងក្រៅ ជាប់ចញ្ចើមផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរ ចូលមកក្នុងតូបដើម្បីកុំឲ្យត្រូវទឹកភ្លៀង បន្ទាប់មកគាត់ក៏បានទៅប៉ះកង់មូតូឲ្យភ្ញៀវ នៅចំណុចម្ខាងទៀត ពេលនោះកូនតូចអាយុ១ខួបជាង ដែលជាកូនរបស់គាត់ បានទៅលេងដបសាំងដែលមានសាំងនៅក្នុងដបនោះ បណ្តាលឲ្យបែក បង្កជាអគ្គិភ័យឆាបឆេះឆេះយ៉ាងសន្ធោសន្ធៅ គាត់ក៏ប្រញ៉ាប់រត់ទៅជួយកូនរបស់គាត់ ចេញមកខាងក្រៅ តែសម្ភារៈនៅខាងក្នុងត្រូវអគ្គិភ័យឆាបឆេះខ្ចិចគ្មានសល់ ប្រហែល១៥នាទី។
ក្នុងគ្រោះអគ្គិភ័យនេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យដើម្បីយកជួយអន្តរាគមន៍ តែស្របពេលនោះដោយសារតែស្ថានភាពភ្លើងឆេះលឿនពេក ហើយប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ជួយបាញ់ពន្លត់មុនពេលរថយន្តពន្លត់អគ្គិភ័យបានមកដល់ ។ តែអ្វីដែលសោកស្តាយគឺ សម្ភារៈ និង រូបរាងតូបទាំងមូលត្រូវបានឆាបឆេះខ្ចិចគ្មានសល់ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ៕ ដោយ រ៉ារ៉ា