លំនៅឋានពលរដ្ឋ០១ខ្នងត្រូវអគ្គិភ័យឆាបឆេះខូចខាតគិតជាទឹកប្រាក់អស់ជិត ៦០.០០០ដុល្លារ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លំនៅឋានពលរដ្ឋចំនួន០១ខ្នងរួមជាមួយសម្ភារនិងអីវ៉ាន់ចាប់ហួយជាច្រើនគិតជាទឹកប្រាក់សរុបជិត៦០.០០០ដុល្លារ ត្រូវអគ្គិភ័យលេបត្របាក់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។

មន្ត្រីនគរបាលស្រុកបវេលបានឱ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២៣និង១០នាទី ថ្ងៃទី២៨ ខែមិថុនា ២០២២ នៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ២០ម៉ែត្រx៣០ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ សំ ហុង ភេទប្រុស អាយុ៦៣ឆ្នាំ រងរបួសស្រាល រស់នៅភូមិ-ឃុំកើតហេតុខាងលើ(ផ្ទះឆេះអស់ទាំងស្រុង)រួមជាមួយសម្ភារនិងអីវ៉ាន់ចាប់ហួយជាច្រើនគិតជាទឹកប្រាក់ប្រហែល៥០.០០០ដុល្លា និងប្រាក់ខ្មែរ៣០លានរៀលផងដែរ។

លោកអធិការស្រុកបវេលបានបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេលចំនួន១៥នាក់បានចេញយករថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង និងរថយន្តក្រុមហ៊ុនរោងម៉ាសុីន យិន ម៉ាន់ យីអាន ចំនួន០១គ្រឿងចេញធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ។

ចំពោះមូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនេះឡើងគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយអ្វីដែលសមត្ថកិច្ចជួយអន្តរាគមន៍មិនបានទាន់ពេលគឺដោយសារចម្ងាយពីស្ថានីយពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកបវេលទៅកាន់កន្លែងកើតហេតុមានចម្ងាយឆ្ងាយរហូតដល់២១គីឡូម៉ែត្រ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print