នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បានអំពាវនាវដល់ពលរដ្ឋពាក់ម៉ាស់ជាថ្មីឡើងវិញ ក្រោយពេលមន្ត្រីសុខាភិបាលប្រកាសកាលពីថ្ងៃទី២៨ខែមិថុនា ថាមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។
តាមតួលេខដែលបានប្រកាស ដោយក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា លទ្ធផលនៃការធ្វើតេស្តបានរកឃើញករណីវិជ្ជមានកូវីដ-១៩កើនឡើងដល់ទៅ 147.248 នាក់ គឺខ្ពស់ជាង៥៤% បើប្រៀបធៀបមួយសប្តាហ៍មុន បន្ទាប់ពីក្រុមអ្នកជំនាញប្រកាសពីការផ្ទុះកូវីដ-១៩លើកទី៧ នៅតំបន់អឺរ៉ុប ។
លោកស្រី Elisabeth Borne បានប្រកាសស្នើឱ្យពលរដ្ឋពាក់ម៉ាស់ឡើងវិញ ក្រោយពេលដែលជួបប្រជុំរវាងមន្ត្រីសុខាភិបាលនឹងប្រមុខដឹកនាំរដ្ឋាភិបាលបារាំង ។
តាមតួលេខថ្មីបំផុតបានបង្ហាញឱ្យឃើញថា ចាប់តាំងពីចុងខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ខែមិថុនា បារាំងកំពុងព្យាបាលដល់អ្នកជំងឺកូវីដ-១៩ ចំនួន១៥.៤៩៦នាក់ដែលបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ៕ ដោយធីរីណា
រូបថត : AFP