មនុស្ស១៨នាក់ដែល​ក្លែង​ខ្លួនជា​សង្ឃត្រូវ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារប​ណ្តោះអាសន្ន

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឱ្យដឹងថា មនុស្ស ១៨នាក់ដែល​ក្លែង​ខ្លួនជា​សង្ឃហើយ​ដែល​តែងតែធ្វើ​សកម្មភាព​ដើរ​បិណ្ឌ​បាត្រយកប្រាក់​ពី​ប្រជាពលរដ្ឋ ជាពិសេស​តាម​តំបន់​រោងចក្រដែលមាន​មនុស្ស​ច្រើន​នោះ ឥឡូវនេះត្រូវ​បានផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគា​ររួចរាល់ហើយ ។​

តាមប្រភពបានឱ្យដឹងថា ជនទាំង១៨នាក់ខាងលើនេះត្រូវបានលោក វ៉ាន់ សុ​បញ្ញា និង​លោកថោង ផល្លា​រង្សី ដែល​លោក​ទាំងពីរជា​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកាឃុំខ្លួនក្រុម​សង្ឃ​ក្លែងក្លាយដាក់ពន្ធនាគារបណ្តោះអាសន្នកាលពី​ល្ងាច ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២​។​
សូមបញ្ជាក់ថា ​ការសម្រេច​ឃុំខ្លួន​ក្រុម​សង្ឃ​ក្លែងក្លាយ​ទាំងនេះ គឺ​បន្ទាប់ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារងអម​សាលាដំបូង​ខេត្តកណ្តាលសម្រេច​ចោទប្រកាន់​ពីបទ «​ឆបោក ស្លៀកពាក់​បែបព្រះពុទ្ធសាសនាដោយ​គ្មាន​សិទ្ធិ​ប្រើប្រាស់ ឯកសារ​សាធារណៈ​ក្លែង និង​ប្រើប្រាស់ដោយ​ខុសច្បាប់នូវ​សារធាតុ​ញៀន​» តាម​មាត្រា ៣៧៧ , មាត្រា ៣៧៨ និង​មាត្រា៥០៨ នៃក្រមព្រហ្មទណ្ឌ និង​មាត្រា៤៥ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ។ បទល្មើស​ទាំងនេះបាន​ប្រព្រឹត្ត​ជា​បន្តបន្ទាប់នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥១ ភូមិ​អង្គ​តា​សិត ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​សមត្ថកិច្ចបានឱ្យដឹងថា កម្លាំង​ប៉ុស្ដិ៍នគរបាល​ទួល​ព្រិចទទួលបាន​ព័ត៌មានពី​ប្រជាពលរដ្ឋ​ថា ឃើញ​មាន​រថយន្ត​ម៉ាក​តូយ៉ូតា ហាយ​ឡេន​ឌ័​រ ស៊េរីឆ្នាំ​២០០៧ ពណ៌​ទឹកមាស ពាក់​ស្លាកលេខ ខេមរភូមិន្ទមួយគ្រឿងបាន​ដឹក​ព្រះសង្ឃ​មួយចំនួនមកចុះ​បិណ្ឌ​បាត្រនៅមុខ​រោងចក្រតាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំងប៉ុស្ដិ៍នគរបាលទួល​ព្រិច សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រុក​អង្គស្នួលបាន​និមន្ត​ព្រះសង្ឃទាំងនោះទៅ​វត្ត​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួលដើម្បី​បន្ត​នីតិវិធី។

​ក្រោយពី​ការសួរនាំ​រួច ទើប​ជនសង្ស័យ ឈ្មោះ ទូច វិច្ឆិកា សារភាពថា ខ្លួននិង​បក្ខពួកមិនមែនជា​ព្រះសង្ឃពិតប្រាកដ​ឡើយ ដោយ​ខ្លួន​និង​បក្ខពួកបាន​ពាក់​ស្បង់​ចីវរជា​ព្រះសង្ឃដើម្បី​ដើរបិណ្ឌ​បាត្រ​យក​បច្ច័យមក​ដោះស្រាយ​ជីវភាពក្នុង​គ្រួសារ​ប៉ុណ្ណោះ​៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print