នៅថ្ងៃទី២៨ខែមិថុនា រដ្ឋាភិបាលកូឡុំប៊ី បានប្រកាសថា យ៉ាងហោចណាស់ក៏មានមនុស្ស ៥១នាក់ស្លាប់ និង៣០នាក់រងរបួស ក្នុងអំពើហិង្សាកើតឡើងក្នុងមន្ទីរឃុំឃាំងកូឡុំប៊ី ។
លោក Tito Castellanos ប្រធានមន្ទីរឃុំឃាំងជាតិកូឡុំប៊ី(INPEC) បានឱ្យដឹងថា មានអំពើហិង្សាបង្កឱ្យមានភ្លើងឆេះយ៉ាងខ្លាំងនៅមន្ទីរឃុំឃាំងTulua នាព្រឹកថ្ងៃទី២៨ខែមិថុនា។ មកទល់ពេលនេះមានមនុស្ស៥១នាក់ស្លាប់ដោយត្រូវភ្លើងឆេះ ក្នុងនោះមាន ៤៩នាក់ស្លាប់នៅនឹងកន្លែង និង ២នាក់ទៀតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ដើម្បីទប់ស្កាត់ កម្លាំងប៉ូលិសបានចូលទៅកាន់តំបន់ដែលកើតមានអំពើហិង្សា ធ្វើឱ្យក្រុមអ្នកទោសយកភួយខ្នើយពូកទៅដុតរាំងផ្លូវប៉ូលិស ទើបបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើង ។ ប្រធានាធិបតីកូឡុំប៊ី លោក Iván Duque បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងពីហេតុការណ៍អាក្រក់ដែលបានកើតឡើង។ លោកបានអំពាវនាវឱ្យបើកការស្រាវជ្រាវលើករណីខាងលើ។
អំពើហិង្សានៅក្នុងមន្ទីរឃុំឃាំងនៅប្រទេសកូឡុំប៊ីមិនមែនជារឿងថ្មីនោះឡើយ កាលពីខែមីនាឆ្នាំ ២០២០ ក៏មានអ្នកទោស២៣នាក់ ស្លាប់និង៨៣នាក់រងរបួសដែរ ក្នុងនោះមានមន្ត្រីបុគ្គលិកមន្ទីរឃុំឃាំង៧នាក់ផងដែរនៅក្នុងមន្ទីរឃុំឃាំងក្នុងរដ្ឋធានី Bogota ៕ ដោយធីរីណា
រូបថត : Infobae