សៃហ្វុន រំភើបនឹងការគាំទ្រពីពលរដ្ឋខ្មែរ ទោះបីជាមិនបានមកុដ

ចែករំលែក៖

ភ្នំពេញ៖បេសកកម្មឡើងឆាកប្រគួតអន្តរជាតិMiss International Queen 2021របស់កញ្ញាឯកភេទទី៣ សៃ ហ្វុន បានបញ្ចប់ហើយជាមួយលទ្ធផលគួរជាទីមោទន បើទោះបីជានាងមិនទទួលបានមកុដនោះក៏ដោយ។ ស្វាមគមន៍វត្តមានមកដល់មាតុប្រទេសវិញនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២មានការសាទរច្រើនពីមិត្តភ័ក្កិសាច់ញាតិ និងអ្នកគាំទ្រយ៉ាងច្រើនកុះករដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញតែម្តង។ នាងបានថ្លែងពីអារម្មណ៍រំភើបក្រោយពីទទួលបានការលើកទឹកចិត្តការគាំទ្រពីពលរដ្ឋកម្ពុជាជាច្រើនមិននឹកស្មានដល់។
នាងបានលើកឡើងថាជាការពិតអ្វីដែលនាងទទួលបាននៅពេលនេះគឺជាចំណែករបស់អ្នកគាំទ្រដែលអាចឲ្យនាងលើងដល់វគ្គ១១នាក់ចុងក្រោយ បើទោះបីជាមិនទទួលបានមកុដ ប៉ុន្តែនេះគឺត្រឹមជាឆ្នាំ ទី២ប៉ុណ្ណោះអាចទទួលបានលទ្ធផលល្អប្រសើរ។ នាងថានៅកម្មវិធីប្រគួតនាងជួបបញ្ហាប្រឈមខ្លះពិសេសគឺការដើរច្រើនថ្ងៃនិងត្រូវពាក់ស្បែកជើងកែងជាច្រើនម៉ោងក្នុងមួយថ្ងៃធ្វើឲ្យជើងនាងឡើងពង ប៉ុន្តែនាងនៅតែខិតខំបំពេញភារកិច្ចដោយរលូន ហើយទទួលបានទាំងពានកិត្តិយសថតរូបស្អាតពីកម្មវិធីប្រគួតខាងលើថែមទៀតផង។ អ្វីដែលធ្វើឲ្យនាងសប្បាយចិត្តនិងនឹកស្មានមិនដល់នោះគឺទំហំនៃការគាំទ្រលើកទឹកចិត្តច្រើនសើសលប់ចំពោះការចូលរួមប្រគួតមួយនេះដែលនាងមិនអាចបំភ្លេចបាន ហើយនាងនឹងយកបទពិសោធន៍នេះមកចែករំលែកដល់បេក្ខភាពបន្តទៀតរបស់កម្ពុជាដើម្បីទទួលបានលទ្ធផលល្អនៅកម្មវិធីប្រគួតវគ្គក្រោយ។
គួរបញ្ជាក់ដែរថា សៃហ្វុន មានឈ្មោះដើម សុខ ប៉ូលីន អាយុ២២ ឆ្នាំ កម្ពស់១,៧៧ម៉ែត្រ មានទឹកកំណើតនៅរាជធានីភ្នំពេញ។ នាងបានគ្រងមកុដកញ្ញាឯកភេទទី៣ពីការរៀបចំកម្មវិធីប្រគួតMiss International Queen Cambodia 2021 ។ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ កម្មវិធីប្រគួតដែលគ្រោងធ្វើឡើងនៅអំឡុងខែកញ្ញា ឆ្នាំ ២០២១ ត្រូវបានលើកពេលមកធ្វើក្នុងអំឡុងខែមិថុនាឆ្នាំ ២០២២។ សៃហ្វុនដែលមានអាជីបជាតារាបង្ហាញម៉ូតនិងជាម្ចាស់ហាងកែសម្ផស្ស នាងអាចនិយាយបានទាំងភាសាអង់គ្លេស និងភាសាថៃ ក្រៅពីភាសាកំណើត។ នាងលេចធ្លោរខ្លាំងនៅលើឆាកប្រគួតមួយនេះទាំងវគ្គបង្ហាញខ្លួន វគ្គឈុតហែលទឹក វគ្គឈុតតំណាងជាតិនិងវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២២នេះ៕


ដោយ៖វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print