ខេត្តកំពង់ឆ្នាំង៖ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានថ្លែងនៅថ្ងៃទី២៩ មិថុនា ឆ្នាំ ២០២២នេះថា៖ សកម្មភាព ការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការ ជាមួយ គណ:បញ្ជាការឯកភាពស្រុកបរិបូណ៌ បន្តចុះបង្រ្កាបបទល្មើសជលផលនៅ ចំណុចកោះតាម៉ូវ ក្នុងភូមិសាស្រ្តឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ក្នុងនោះកម្លាំងចម្រុះបានរុះរើរបាំងសាច់អួនចំនួន០៣កន្លែងប្រវែង៣០០ម៉ែត្រ បង្គោលចំនួន៣០០ដើម លូសាច់អួនចំនួន០៤មាត់ ត្រីចម្រុះចំនួន០៥គីឡូក្រាម។
គួរជម្រាបដែរថា អនុវត្តតាមបទបញ្ជារបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ២៨ ខែមិថុនាម្សិលមិញនេះ លោក ហ៊ូ ប៊ុនថន អភិបាលរងស្រុកកំពង់លែង បានដឹកនាំកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង សហការជាមួយមន្ត្រីនៃរដ្ឋបាលជលផលខេត្ត សរុបចំនួន ៣២ នាក់ ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ៧ គ្រឿង ចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចប្រឡាយថ្មី និង វាលភក់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕ដោយ៖សហការី