ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺរងរបួសខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធ្លាក់ផ្លូវទៅបុកដើមអម្ពិល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺបានរងរបួសខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយតៃកុងរបស់គាត់បើករថយន្តទៅបុកដើមអម្ពិលពេលដែលបើករថយន្តគេចពីរថយន្តដឹកប្រេងហើយធ្លាក់ផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ សិ្ថតក្នុងភូមិសាស្ត្រឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុលោកយឹម សុខុម អាយុ៧២ឆ្នាំដែលគេស្គាល់ថាជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ មានទីលំនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺបានជិះរថយន្តមួយគ្រឿងម៉ាកឡិចសុីស ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ២C-៦៦៧៧ ដែលមានតៃកុងជាអ្នកបើកបរឈ្មោះស៊ុន សុផា ភេទប្រុស អាយុ២៧ឆ្នាំ បើកបរពីទិសខាងកើតទៅទិសខាងលិច ពេលមកដល់ចំណុចកើតហេតុខាងលើអ្នកបើកបរបានបើកគេចពីរថយន្តមួយគ្រឿងដែលដឹកប្រេងមិនស្គាល់ម៉ាកនិងអត្តសញ្ញាណអ្នកបើកបរ ក្នុងទិសដៅបញ្ចា្រសទិសគ្នា ខណះដែលរថយន្តលោកប្រធានក្រុមប្រឹក្សាបានគេចមកខាងស្តាំដៃធ្វើឱ្យធ្លាក់ផ្លូវទៅបុកដើមអម្ពិលពេញទំហឹងតែម្តងបណ្តាលឱ្យលោកប្រធានក្រុមប្រឹក្សាខេត្តរងរបួស។

ប្រភពបានបន្តថា ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយរបស់មន្ទីរពេទ្យដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងរថយន្តត្រូវបានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺរង់ចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print