ភ្នំពេញ៖ ស្ថានទូតសហពអឺរ៉ុបនឹងប្រារព្ធ ទិវាថ្ងៃទី៩ឧសភាឆ្នាំ១៩៥០ ថ្ងៃទី៩ឧសភា ឆ្នាំ២០១៦ ដែលសហភាពអឺរ៉ុបតែងតែ ប្រារព្ធរៀលរាល់ឆ្នាំនៅទូទាំងពិភពលោកដើម្បីរំលឹកនូវសេចក្តីថ្លែការណ៍ជាប្រវត្តិសាស្ត្ររបស់លោក Robert Schuman រដ្ឋ មន្ត្រីការបរទេសបារាំងដែលជាថ្ងៃបើកទំព័រនៃការកសាងសហភាពអឺរ៉ុបក្រោយពីរងការបំផ្លិចបំផ្លាញក្នុងសង្គ្រាមលោកលើកទី២ ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ឲ្យដឹងថា តើមនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាបានឮពីសហភាពអឺរ៉ុបប៉ុន្តែពួកគាត់អាចមិន ដឹងថា ពួកយើងបាននិងកំពុងធ្វើអ្វីខ្លះនោះទេ ។ តាមរយៈព្រឹត្តិការណ៍ជាច្រើនយើង ព្យាយាមពន្យល់ចែករំលែកភាពជាគំរូ របស់សហភាពអឺរ៉ុបដែលផ្តោតទៅលើ សន្តិសុខ ប្រជាធិបតេយ្យ និងសាមគ្គីភាព ចម្រុះជាតិសាសន៍ ។
ឯកអគ្គរដ្ឋទូតរូបនេះមានប្រសាសន៍ថា ឆ្នាំនេះយើងបានជ្រើសរើសប្រធានបទ “រួមគ្នាដើម្បីផែនដី” តាមរយៈការជិះកង់ ពីព្រោះកង់ជាមធ្យោបាយធ្វើដំណើរដ៏ល្អដោយគ្មានផ្សែងទាំងនេះបានជួយសម្រួលប្ញមិនប៉ះពាល់ដល់បរិស្ថាន ។ ម្យ៉ាងវិញ ទៀតបម្រែបម្រួលអាកាសធាតុគឺជាកត្តាធំមួយនិងជាបញ្ហាប្រឈមរបស់ប្រជាពល រដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ហើយវាកាន់តែអាក្រក់បើយើងមិនធ្វើអ្វីមួយដើម្បីទប់ទល់ជាមុនទេ ។
លោក George Edgar បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមជាមួយសម្ព័ន្ធប្រែប្រួលអាកាសធាតុសកលរបស់សហភាពអឺរ៉ុប (European Union’s Global Climate Change Alliance) ដោយសារតែ រដ្ឋាភិបាលបានដឹងយ៉ាងច្បាស់ពីបញ្ហា ប្រឈមដ៏ធំធេងព្រមទាំងបានធ្វើការយ៉ាងសកម្មភាពទាំងក្នុងស្រុកនិងនៅលើឆាក អន្តរជាតិ ពីព្រោះកម្ពជាជាប្រទេសសម្បូរជីវចម្រុះហើយសហភាពអឺរ៉ុបបានប្តេជ្ញាចិត្តគាំទ្រដល់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
លោកបានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ម វិធីជិះកង់កម្សាន្តក្នុងរាជធានីភ្នំពេញក្រោមប្រធានបទរួមគ្នាដើម្បីផែនដីនេះនឹងមានអ្នកចូលរួមប្រមាណ៤,០០០នាក់ដោយចេញដំណើរពីមុខវិមានពហុកីឡដ្ឋានជាតិ ដោយឆ្លងកាត់ប្រតិភូសហភាពអឺរ៉ុប និងស្ថានទូតដែលជាសមាជិកសហភាពអឺរ៉ុប ក្នុងព្រះរាជណាចក្រកម្ពុជាចាប់ពីវេលាម៉ោង៦ព្រឹកនិងគ្រោងបញ្ចប់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅពហុ កីឡដ្ឋានជាតិ៕
ដោយ៖ សារីម