ខេត្តក្រចេះ៖
បុរសម្នាក់ផឹកស្រាអត់ហូបបាយពី.បីថ្ងៃលុះស្រវឹងដើរទៅងូតទឹកម្នាក់ឯងដួលធ្លាក់ចូលបឹងលង់ស្លាប់លុះសាកសពអណ្តែតត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការប្រាប់សមត្ថកិច្ចចុះពិនិត្យផ្ទាល់ហើយប្រគល់ឱ្យសាច់ញាតិ។
ហេតការណ៍ប្រទះឃើញសាកសពនោះនៅវេលាម៉ោង៣.៣០នាទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ត្រង់ចំណុចស្រែខ្ចេន ស្ថិតនៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ វ៉ាន់ ហឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានប្រពន្ធឈ្មោះ ផាន ចាន្នី អាយុ២៤ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពបានបន្តថាមុនពេលកើតហេតុជនរងគ្រោះនោះបានផឹកស្រាស្រវឹងដើរទៅងូតទឹក នៅចំណុចកើតហេតុតែម្នាក់ឯង ហើយប្រហែលជាដួលចូលក្នុងបឹងទើបបណ្ដាលឱ្យឈ្លក់ទឹកស្លាប់តែម្ដង។
ការបំភ្លឺរបស់ឈ្មោះ ផាន ចាន្នី ត្រូវជាប្រពន្ធ ថា ប្ដីរបស់ខ្លួនបានផឹកស្រាស្រវឹងពុំបានហូបបាយអស់រយ:ពេលពីរ.បីថ្ងៃមកហើយស្រាបតែបានកើតហេតុនេះឡើងតែម្តង។
ក្រោយកើតហេតុកម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដារ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សពឈ្មោះ វ៉ាន់ ហឿន ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌនោះទេ រួចក៏បានធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ជីវ័ន្ត