បុរសម្នាក់ជាខ្មាន់កាំភ្លើងបើកម៉ូតូមកឈប់ក្បែររបងស្ថានទូតរុស្ស៊ីរួចដកកាំភ្លើងខ្លីបាញ់មេឃជាច្រើនគ្រាប់ហើយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាខ្មាន់កាំភ្លើងបើកម៉ូតូម៉ាកហុងដាPCX មិនចាំស្លាកលេខមកឈប់នៅក្បែរស្ថានទូតរុស្សុី ហើយបានដកកាំភ្លើងខ្លីបាញ់មេឃជាច្រើនគ្រប់ដោយពុំដឹងថាមានទំនាស់ជាមួយនរណានោះទេ រួចបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។
ហេតុការណ៍ធ្វើឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ជាប់របងស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមបុរសម្នាក់នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានអង្គុយលេងនៅខាងមុខក្លិបEPIC ក្បែររបងស្ថានទូតរុស្ស៊ី។ លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញបុរសម្នាក់បានបើកម៉ូតូម៉ាកហុងដាPCX មួយគ្រឿងមិនចាំស្លាកលេខ ជិះតាមបណ្ដោយផ្លូវបេតុងជាប់នឹងរបងស្ថានទូតរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ហើយពេលជិះមកដល់ចំណុចកើតហេតុជិតក្លិប EPIC ក៏បានដកកាំភ្លើងខ្លីបាញ់ឡើងទៅលើជាច្រើនគ្រាប់បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ចំណែកឯបុរសជាខ្មាន់កាំភ្លើងបានបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោលទៅ។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌចំការមន រួមទាំងកម្លាំងកងរាជអាវុធហត្ថសហការគ្នាចុះមកពិនិត្យទីតាំងកើតហេតុ ហើយបានរកឃើញសំបកគ្រាប់កាំភ្លើងខ្លីចំនួន៥គ្រាប់យកទៅរក្សាទុក។ នៅក្នុងករណីផ្ទុះអាវុធនេះមិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ ហើយសមត្ថកិច្ចខណ្ឌចំការមនបន្តធ្វើការស្រាវជ្រាវដើម្បីតាមឃាត់ខ្លួនបុរសជាខ្មាន់កាំភ្លើងយកមកចាត់ការតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print