ភ្នំពេញ : នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលជលផល សហការជាមួយអង្គការ UNIDO បានរៀបចំពិធីប្រគល់កញ្ចប់វិនិយោគនៃកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយពេលប្រមូលផល ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីលោក អាលី បាដាណេ ប្រធានផ្នែកនិរន្តរភាពប្រព័ន្ធស្បៀងរបស់អង្គការ UNIDO ស្នាក់ការកណ្តាល លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា លោក លោកស្រីដែលជាម្ចាស់សហគ្រាសជលផល លោក លោកស្រី នាងកញ្ញា តំណាងអង្គការជាតិ-អន្តរជាតិ និងវិស័យឯកជនមួយចំនួនទៀត។
ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រីនានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសហភាពអឺរ៉ុប និងអង្គការ UNIDO ដែលបានផ្តល់កិច្ចសហការក្នុងភាពជាដៃគូ ជួយគាំទ្រកម្មវិធី CAPFISH ហើយតាមរយៈកម្មវិធីនេះ UNIDO បានសហការជាមួយរដ្ឋបាលជលផលបាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ជលផលក្រោយពេលប្រមូលផល។ លោកបានបន្តថា ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផលត្រី ក្រសួងបានបង្កើតប្រព័ន្ធត្រួតពិនិត្យ រៀបចំគោលនយោបាយ កៀរគរធនធាន និងផ្តល់ជំនួយបច្ចេកទេសដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងផ្នែកផលិតភាព គុណភាព និងស្តង់ដារ ធ្វើយ៉ាងណាស្របតាមស្តង់ដារទីផ្សារ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់តាមអភិក្រម“រដ្ឋ-ឯកជន-ដៃគូ-អភិវឌ្ឍន៍ និងសហគមន៍”។ ក្រោមជំនួយបច្ចេកទេសពី UNIDO រដ្ឋបាលជលផល បាននិងកំពុងរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផល មានឈ្មោះថានិមិត្តសញ្ញាគុណភាពកម្ពុជា (CQS)។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សហគ្រាសឯកជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល និងជាពិសេសប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាផលិតផលស្រស់ និងកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម។ តែទោះជាយ៉ាងណា ស្ថិតក្នុងបរិបទនៃវិបត្តិជំងឺឆ្លងកូវិដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហ គ្រាសឯកជនបាននិងកំពុងជួបប្រទះបញ្ហាជាច្រើនរួមមាន៖ ការចំណាយប្រតិបត្តិការខ្ពស់ បញ្ហាទីផ្សារ កង្វះឥណទាន ខ្វះវត្ថុធាតុដើម ប្រេងឥន្ទន:ឡើងថ្លៃ។ល។ ដោយឡែកកង្វះចំណេះជំនាញ បុគ្គលិក កម្មករគ្មានជំនាញច្បាស់លាស់ និងចំណេះដឹងបច្ចេកទេសក៏ស្ថិតនៅតែជាអាទិភាពចាំ បាច់ដែលត្រូវយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលផងដែរ ហើយពិតណាស់ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទាំងនេះ ចាំបាច់ និងជាបឋមត្រូវគិតគូជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាចំបង។ ហេតុផលសំខាន់ៗទាំងអស់នេះ លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះសហគ្រាសទាំង១៧ ដែលបានបំពេញតាមលក្ខណ្ឌតម្រូវ ត្រូវទទួលបានកញ្ចប់វិនិយោគពីកម្មវិធី VCIS ក្នុងនោះមានការគាំទ្រផ្នែកឧបករណ៍ សម្ភារ និងបច្ចេកទេសបម្រើដល់ដំណើរការផលិតកម្មផលជលផលក្រោយពេលប្រមូលផល និងអនុលោមតាមគោលការណ៍សុវត្ថិភាពចំណីអាហារ។ កញ្ចប់វិនិយោគដែលប្រគល់ជូនសហគ្រាសទាំង១៧ មានទឹកប្រាក់ សរុបប្រមាណ ៥00 000ដុល្លារ ដោយមិនរួមបញ្ចូលការគាំទ្រផ្នែកបច្ចេកទេស។
ជាទីបញ្ចប់ ក្រៅពីការចូលរួមអបអរសាទរ លោករដ្ឋមន្ត្រីបានផ្ញើក្តីសង្ឃឹម និងជឿជាក់ថា សហគ្រាសទាំង១៧ នឹងចូលរួមអនុវត្តឲ្យបានពេញលេញ ត្រឹមត្រូវច្បាស់លាស់ ទាក់ទងបច្ចេកទេសកែច្នៃផលជលផល ធ្វើយ៉ាងណាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពការងារ និងផលិតផល ធានាលើកជ្រោងកាន់តែប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពចំណីអាហារ ឈានទៅធ្វើការប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ។ នាឱកាសនេះ លោកក៏បានស្នើសុំបន្ថែមឲ្យអង្គការ UNIDO កៀរគរថវិកាជួយគាំទ្រលើការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ព្រមទាំងផលិតផលវារីវប្បកម្មផងដែរ ៕
ដោយ : សិលា