អគ្គិភ័យឆេះឃ្លាំងជួសជុលរថយន្តមួយកន្លែងបណ្ដាលឱ្យឆេះខូចរថយន្តចំនួន ៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ឃ្លាំងជួសជុលរថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឱ្យឆេះរថយន្តចំនួន០៣គ្រឿង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយបាញ់ទឹកពន្លត់ទាន់ពេល មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។

គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្បែរភ្លើងស្តុប និងក្បែរផ្ទះលោក ជា សុផារ៉ា តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុក្នុងទីតាំងដែលជាងកំពុងជួសជុលរថយន្តស្រាប់តែឆ្លងចរន្តអគ្គិសនីចេញជាអណ្ដាតភ្លើង ហើយក្រុមជាងបានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែមិនរលត់ ថែមទាំងមានអណ្ដាតភ្លើងសន្ធោសន្ធៅ ឆាបឆេះរាលដាលដល់រថយន្តយ៉ាងលឿន ។ ភ្លាមៗនោះ ក្រុមជាងបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាននិងទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកដល់ទីតាំងកើតហេតុដើម្បីជួយធ្វើអន្តរារាគមន៍បាញ់ទឹកពន្លត់។

ក្នុងហេតុការណ៍នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា ដោយទទួលបានព័ត៌មានថា មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងជួសជុលរថយន្តមួយកន្លែង ភ្លាមៗនោះ លោកក៏បានបញ្ជារថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ដើម្បីចេញរថយន្តទៅជួយធ្វើអន្តរាគមន៍ជាបន្ទាន់។

លោកនាយការិយាល័យបានបញ្ជាក់ថា រថយន្តបានមកដល់ទីតាំងកើតហេតុចំនួន៣០គ្រឿង រួមមាន រថយន្តស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តអគ្គស្នងការនគរបាលជាតិ រថយន្តទីក្រុងជ្រោយចង្វា រថយន្តសាលាខណ្ឌឫស្សីកែវ និងរថយន្តស្រាបៀរកម្ពុជា…ដោយបានប្រើប្រាស់ទឹកអស់ចំនួន២២ឡានទើបភ្លើងរលត់ជាស្ថាពរ។ ចំពោះការខូចខាត គឺឆេះរថយន្តអស់ចំនួន០៣គ្រឿងក្នុងនោះមានម៉ាក់ធុនដ្រា១គ្រឿង ម៉ាក់Lexus 200t ០១គ្រឿង និង ម៉ាកCRV ០១គ្រឿង។ ចំណែកមូលហេតុសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print