ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញពន្លឿនការស្ដារប្រឡាយបឹងត្របែកដើម្បីបើកផ្លូវទឹកហូរឱ្យបានលឿនទៅដល់ស្ថានីយបឹងត្របែកដើម្បីឱ្យស្ថានីយនេះអាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ ។
លោក ឃួង ស្រេង បានជំរុញបែបនេះ ខណៈដែលលោកនិងមន្ដ្រីជំនាញពាក់ព័ន្ធចុះពិនិត្យការដ្ឋានស្ដារប្រឡាយបឹងត្របែក កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ២០២២នេះ ដែលមានចម្ងាយប្រមាណជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែកដល់ស្ថានីយបឹងត្របែកផ្លូវលេខ២៧១។
នៅក្នុងឱកាសនៃការចុះពិនិត្យនោះ
លោកឃួង ស្រេង បានណែនាំឱ្យក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញកាយសំរាម ភក់ និងស្មៅដែលជារនាំងឃាំងទឹកក្នុងប្រឡាយបឹងត្របែកនេះឱ្យអស់ ពោលគឺនៅពេលមានភ្លៀងធ្លាក់ខ្លាំង ម្តងៗទឹកអាចហូរបានលឿនទៅដល់មុខស្ថានីយដែលអាចឱ្យស្ថានីយបឹងត្របែក មានសមត្ថភាពបូមទឹកបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា ប្រឡាយបឹងត្របែកត្រូវបានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជំរុញឱ្យមានការស្តារឡើងវិញជាមួយនឹងការចាក់ទំនប់តាមមាត់ប្រឡាយទទឹង១០ម៉ែត្រនិងបណ្តោយមានប្រវែងជាង៨២៧ម៉ែត្រ ។ ជាគម្រោងទំនប់ជាប់នឹងប្រឡាយនេះគ្រោងនឹងចាក់បេតុងដើម្បីធ្វើជាផ្លូវឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានហើយក៏ជាផ្លូវមួយដើម្បីងាយស្រួល ដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយបឹងត្របែកជាប្រចាំផងដែរ ។ បន្ថែមពីលើនេះទៀត ក្រោយពីការកាយប្រឡាយ ដូចជាស្ដារប្រឡាយនេះឱ្យមានលំហូរទឹកបានល្អហើយ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញគ្រោងបុកស៊ីផាយនៅតាមជញ្ជាំងប្រឡាយបឹងត្របែកនេះផងដែរ ៕
សំរិត