អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៥ខែកក្កដា បានប្រកាសថា យ៉ាងហោចណាស់ក៏មានករណីកើតជំងឺអុតស្វា ៥៣២២ករណីដែរ។ ក្នុងចំណោមនោះ មាន៨៥% រកឃើញនៅក្នុងតំបន់អឺរ៉ុប ។ តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក ករណីកើតជំងឺអុតស្វាបានកើនឡើងជាង ៥០%គិតត្រឹមថ្ងៃទី២២ខែមិថុនាមក ។ ប៉ុន្តែមកទល់ពេលនេះជំងឺអុតស្វាបានសម្លាប់មនុស្សតែម្នាក់ប៉ុណ្ណោះ ហើយប្រទេសនៅក្នុងតំបន់អឺរ៉ុបជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារជំងឺអុតស្វា ដោយមាន៥៣ប្រទេសរកឃើញកើតជំងឺនេះ។ បន្ទាប់មកគឺប្រទេសក្នុងទ្វីបអាហ្វ្រិក ។ ក្នុងរបាយករណ៍ដែលបានប្រកាសនៅថ្ងៃទី៣០ខែមិថុនា ករណីកើតជំងឺអុតស្វាបានកើនឡើង ៥៥,៩% បើប្រៀបធៀបនឹងរបាយការណ៍លើកមុន។ តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក បើទោះបីជំងឺអុតស្វាកើតឡើងនៅគ្រប់ទិសទី ប៉ុន្តែមិនទាន់ដល់ដំណាក់កាលដែលត្រូវប្រកាសអាសន្នជាសកលនោះឡើយ ។ អង្គការសុខភាពពិភពលោកបានអំពាវនាវដល់បណ្តាប្រទេសទាំងឡាយត្រូវចាប់អារម្មណ៍ទៅលើជំងឺអុតស្វានិងត្រូវទប់ស្កាត់ឱ្យបានទាន់ពេលវេលា ៕ ដោយធីរីណា
រូបថត៖UN.