ភ្នំពេញ : ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ គឺជាខួបលើកទី១៤ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២២)។
ប្រាសាទព្រះវិហារ ដែលជាប្រាសាទដ៏ពិសិដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។
ព្រឹត្តិការណ៍នោះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។ ដោយឡែកនៅថ្ងៃទី៨ ខែកក្កដា ស្អែកក៍ជាខួបឆ្នាំទី៥ ដែលប្រាសាទសំបូរ ព្រៃគុករបស់យើងត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
ការសម្រេចបញ្ចូលប្រាសាទទាំងពីរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាការចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃរបស់យើង រហូតត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយនេះគឺជាកិត្តិយសនិងកិត្តិសព្ទដ៏អស្ចារ្យរបស់កម្ពុជាយើងនៅលើឆាកអន្តរជាតិ។
សូមបងប្អូនជនរួមជាតិ ចូលរួមថែរក្សា ការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ៕
ដោយ : សហការី