បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយបណ្តាលឱ្យ២នាក់ប្តីប្រពន្ធស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាហើយបានបើករថយន្តស៊េរីទំនើបយ៉ាងលឿនជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងផ្លោងទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យ២នាក់ប្តីប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុករបងសង្ក័សី​ និងរថយន្ត២គ្រឿងទៀតនៅពីមុខធ្វើឱ្យរថយន្តបង្កហេតុខ្ទេចមួយកំណាត់មុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពបុរសជាប្តី មានឈ្មោះអ៊ន អុន អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុងស៊ីធរកណ្តាល ខេត្តព្រៃវែង។ ចំណែកសពស្រ្តីជាប្រពន្ធ មានឈ្មោះភួង ស្រីយ័ន្ត អាយុ៤៨ឆ្នាំ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញប្តីប្រពន្ធ២នាក់ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-6183 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត គោលបំណងជិះចេញពីភ្នំពេញត្រឡប់ទៅស្រុកកំណើតនៅឯខេត្តព្រៃវែង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែគេឃើញមានបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបម៉ាក Mecerdes G63 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាHL.800 បើកតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅស្របគ្នាយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យអ្នកជិះម៉ូតូពីរនាក់ប្តីប្រពន្ធស្លាប់នៅនឹងកន្លែង ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកផ្ទប់រថយន្តដឹកទំនិញ២គ្រឿងទៀតដែលចតនៅលើចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹងរងការខូចខាត ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ ហើយភ្លាមៗនោះដែរសមត្ថកិច្ចបានឃាត់ម្ចាស់រថយន្តបង្កហេតុនៅនឹងកន្លែងតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print