បង្គោលព្រំដែនមួយដើមនៅស្រុកកែវសីមាប្រឈមនឹងការធ្លាក់ចូលទឹកអូរដោយសារភ្លៀងធ្លាក់ជោគជាំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បង្គោលព្រំដែនមួយដើមកំពុងប្រឈមធ្លាក់ចូលទឹកអូរ ក្រោយមានភ្លៀងធ្លាក់ជោគជាំអស់ជាច្រើនថ្ងៃនៅ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានឲ្យដឹងនៅល្ងាចថ្ងៃទី១០ កក្កដា ២០២២ ថា ក្រោយទទួលព័ត៌មាននេះ លោកបានដឹកនាំក្រុមការងារស្រុកចុះពិនិត្យ ឃើញថា ទឹកអូរបានជន់ឡើងខ្លាំងបណ្តាលឲ្យបាក់ដីមាត់ច្រាំងខាងកម្ពុជាយើង ហើយជិតដល់បង្គោលព្រំដែនដែលបានបោះរួច។

លោកអភិបាលស្រុកបានបន្តថា បច្ចុប្បន្នលោកបានរាយការណ៏ជូនដល់អាជ្ញាធរខេត្តក្នុងករណីនេះរួចរាល់ ហើយ។ ជាប៉ុណ្ណោះអាសន្ន លោកបានចាត់ក្រុមការងារដើម្បីយកខ្សែទាក់ចងបង្គោលកុំឲ្យធ្លាក់ចូលទឹកអូរ។ប៉ុន្តែរហូតដល់ពេលនេះ ក្រុមការងារមិនទាន់អាចចូលទៅតំបន់នោះបានទេ ព្រោះមេឃនៅធ្លាក់ភ្លៀងខ្លាំង ម៉្យាងទីតាំងនោះស្ថិតនៅចំណោតភ្នំខ្ពស់ៗ ព្រៃ គ្មានផ្លូវចូលដល់ទេ។

សូមបញ្ជាក់ថា អភិបាលស្រុកកែវសីមា បានដឹកនាំកងកម្លាំងកាពារព្រំដែនចុះពិនិត្យភ្លាមៗចំណុចបង្គោលលេខ ៦០/៣៨(១)ចំណុច UTM72079,1340735ស្ថិតលើព្រំដែនគោកអូរហ៊ុច ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម។ ក្រោយចុះទៅដល់ពិនិត្យឃើញថា បង្គោលលេខ៦០នេះ កំពុងរងផលប៉ះពាល់ខ្លាំង ដោយជំនន់ទឹកភ្លៀងធ្វើឲ្យ បាក់ដីហូរច្រោះខ្វះតែ ០,៤០ម៉ែត្រទៀតនិងដល់បង្គោលហើយ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print