អនុប្រធានទី១ រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងតំណាងរាស្រ្តទាំងអស់​ មានសេចក្តី រន្ធត់និងក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងមរណភាពរបស់លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងអំឡុងពេលឡើងថ្លែងសុន្ទរកថាក្នុងយុទ្ធនាការរកសំឡេងឆ្នោតស្ថិតនៅក្នុងក្រុងណារ៉ា(Nara ) កាលពីថ្ងៃសុក្រទី៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

ក្នុងឱកាសដ៏សោកសៅនេះផងដែរ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិត សូមសម្ដែងនូវសមានទុក្ខយ៉ាងក្រៀមក្រំនិងអាណិតអាសូរជាទីបំផុតជាមួយ លោកប្រធាននិងតាមរយៈលោកជូនចំពោះក្រុមគ្រួសារនៃសពនិងបងប្អូនជនរួមជាតិជប៉ុនទាំងមូលចំពោះការបាត់បង់ឥស្សរជនជាន់ខ្ពស់ឆ្នើមរបស់ជាតិមួយរូប។

សពលោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន គឺជារដ្ឋបុរសដ៏ប៉ិនប្រសព្វនិងមានប្រជាប្រិយភាពមួយរូប ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសកម្ពុជានិងជប៉ុនក៏ដូចជាក្នុងការសម្រេចបាននូវសន្តិភាពស្ថិរភាពនិងវិបុលភាពសេដ្ឋកិច្ចទាំងក្នុងតំបន់និងពិភពលោកទាំងមូល។ បន្ថែមលើនេះក្នុងអាណត្តិរបស់ លោក ស៊ីនហ្សូ អាបេ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជានិងដល់ប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ានដែរ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សាដ៏ព្រៃផ្សៃនិងគួរឱ្យស្អប់ខ្ពើមខាងលើនេះហើយសូមចូលរួមជាមួយសភាតំណាងរាស្រ្តនិងប្រជាជនជប៉ុន ក្នុងការកាន់មរណទុក្ខចំពោះសព លោក ស៊ីនហ្សូ អាបេ។

ជាទីបញ្ចប់ លោក កិត្តិសេដ្ឋាបណ្ឌិត និងប្រតិភូទាំងអស់ សូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសពបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

...


ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print