ពេលវេលាលើកចុងក្រោយសម្រាប់ អ៊ំ ឈន់ ក្នុងតួនាទីជាមេឃុំព្រះដាក់ ក្រោយពីបានបំពេញភារៈកិច្ចនេះយ៉ាងគួរឱ្យស្ងើចសរសើរ អស់រយៈកាលជិត៤០ឆ្នាំ

ចែករំលែក៖

ខេត្តសៀមរាប : ពេលវេលាលើកចុងក្រោយសម្រាប់ អ៊ំ ឈន់ ក្នុងតួនាទីជាមេឃុំព្រះដាក់ ក្រោយពីបានបំពេញភារៈកិច្ចនេះយ៉ាងគួរឱ្យស្ងើចសរសើរ អស់រយៈកាលជិត៤០ឆ្នាំ។ នេះជាការថ្លែងរបស់ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រីខេត្តសៀមរាប នៅព្រលប់ថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2022។

លោកអភិបាលស្រុកបានបន្តថា, ៣ឆ្នាំចុងក្រោយនេះ ចុះមកព្រះដាក់លើកណាក៏មកធ្វើការជាមួយអ៊ំដែរ។ អ៊ំជាចាស់ទុំនៅក្នុងឃុំដែលមានបទពិសោធច្រើន និងមានប្រិយភាពទូលំទូលាយ ជាអ្នកដឹកនាំដែលហ៊ានសម្រេចចិត្ត ហ៊ានទទួលខុសត្រូវ និងហ៊ានអារកាត់ដើម្បីផលប្រយោជន៍រួម ហើយក៏ជាបុគ្គលដែលមានភាពប្រាកដប្រជានៃអត្តចរិត និងអត្តសញ្ញាណរបស់ខ្លួនផងដែរ។ ក្នុងរឿងការងារ អ៊ំចូលចិត្តនិយាយត្រង់ទៅត្រង់មក មាត់អាក្រក់បន្តិចតែចេតនាល្អ និងតែងតែសំឡឹងមើលបានគ្រប់ជ្រុងជ្រោយក្នុងពេលដោះស្រាយបញ្ហា តែនោះក៏ប្រហែលជាមកពីអ៊ំធ្លាប់បានឆ្លងកាត់ច្រើន មិនចូលចិត្តធ្វើរឿងអ្វីដែលមិនសូវមានប្រយោជន៍ និងមើលមិនឃើញពីភាពចាំបាច់ដែលត្រូវក្បាច់ក្បូរវែងឆ្ងាយហួសហេតុពេកនោះទេ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី, អរគុណអ៊ំសម្រាប់៤០ឆ្នាំនៃការលះបង់ ការបម្រើដោយឥតលក្ខខណ្ឌ និងក្តីស្រលាញ់ដែលអ៊ំមានសម្រាប់ឃុំដ៏ស្រស់ស្អាតមួយនេះ រហូតដល់ថ្ងៃចុងក្រោយនៃអាណត្តិចូលនិវត្តន៍របស់អ៊ំក្នុងវ័យ៩០ឆ្នាំ។ ខ្ញុំ និងអ្នកព្រះដាក់នឹងនៅនឹករលឹកដល់អ៊ំ និងចងចាំនូវរាល់ទង្វើល្អដែលអ៊ំបានធ្វើសម្រាប់ឃុំព្រះដាក់របស់យើងមួយនេះ។ ជូនពរអ៊ំឱ្យមានសុខភាពល្អ និងទទួលបានសុភមង្គលបន្ថែមទៀត ពីពេលវេលាទំនេរថ្មីដែលអ៊ំទើបតែទទួលបាននៅក្នុងពេលនេះ! 

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print