ខេត្តកោះកុង៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅយប់ថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងអធិការនគរបាលស្រុកស្រែអំបិល បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងជំនាញគ្រឿងញៀន កម្លាំងព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល ចុះធ្វើរដ្ឋបាលចំណុចផ្ទះមួយកន្លែងស្ថិតក្នុងភូមិវាលជើង កាលពីព្រឹកថ្ងៃទី១១ ខែកក្កដានេះ បានប្រទះឃើញជនសង្ស័យចំនួន៤នាក់ កំពុងប្រើប្រាស់នូវសារធាតុញៀន។
បន្ទាប់មកកម្លាំងបាននាំយកមកសាកសួរនិងធ្វើតេស្តរកសារធាតុញៀន ។ ជាលទ្ធផល វិជ្ជមានទាំង៤នាក់ ហើយកម្លាំងបានអប់រំណែន និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ប្រើប្រាស់សារធាតុញៀន រួចប្រគល់ឱ្យអាណាព្យាបាលយកទៅអប់រំបន្ត ។
ប្រភពដដែលបន្តថា បន្ទាប់មកទៀតកម្លាំងធ្វើរដ្ឋបាល និងល្បាតបន្តដល់ចំណុចវត្តអង្គរភ្នំខ្លុង លុះនៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃដដែល ក៏ប្រទះឃើញមុខសញ្ញាចាស់ម្នាក់ទៀតឈ្មោះ ទីន តុង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និងបានឃាត់ខ្លួនធ្វើការឆែកឆេរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ២កញ្ចប់ធំ និង១៥កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញនៃអធិការដ្ឋានស្រុកស្រែអំបិលបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕ដោយ៖សហការី