ភ្នំពេញ : ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ករណីអ្នក ជំងឺកូវីដ-១៩ ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ដែលបង្ហាញឲ្យឃើញថា ស្ថានភាពឆ្លងនៃវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា មានការកើតសារឡើងវិញ ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានរកឃើញ នៅលើអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រក្នុងការធ្វើ ដំណើរចេញទៅក្រៅប្រទេសមួយចំនួន។ ការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿន ជាងពពួកអូមីក្រុងមុនៗ (ដូចជា BA.1 និង BA.2 ជាដើម) នាំឱ្យមានកំណើនឡើងនូវចំនួនករណីឆ្លងទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក ហើយពពួកបម្លែងថ្មីនេះ ក៏មានលទ្ធភាពអាចបង្រៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុន។ ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទវីរុស កូវីដ-១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូច ជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្តាសាយធម្មតា។
អាស្រ័យហេតុនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដោយ ទទូច និងសូមក្រើនរំលឹកដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័នពាក់ព័ន្ធ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសេវាឯកជនទាំងអស់ សូមរួមសាមគ្គីភាពគ្នា ជំរុញបង្កើនការប្រុងប្រយ័ត្នប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា ដើម្បីការពារពីការចម្លងវីរុស កូវីដ-១៩សំដៅការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងនៅទីកន្លែងធ្វើការរបស់ខ្លួនផងដែរ។ ដើម្បីបញ្ចៀសនូវការរីក រាលដាលការឆ្លងវីរុសកូវីដ-១៩ដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍ ទៅក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ សូមប្រជាជនទាំងអស់ (ទាំងកម្ពុជា និងជនបរទេស) ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនាំគ្នាបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជម្រុញ (ដូសទី៣ ទី៤ និងទី៥) ជាចាំបាច់ ដែលមានគម្លាតពីដូសមួយទៅដូសមួយទៀត មានរយៈពេលពី ៣ខែឡើងទៅ។ សូមក្រើនរំលឹកថា ៖
+ វិធានការ ៣ការពារ មាន ៖
១). ពាក់ម៉ាស់ ៖ ជាពិសេសនៅពេលកំពុងពាក់ម៉ាស់ សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស់ឬទាញម៉ាស់ដាក់ក្រោមចង្កា និង ត្រូវដូរម៉ាស់ថ្មី នៅពេលម៉ាស់សើម។
២). លាងដៃឱ្យញឹកញាប់ ជាមួយសាប៊ូក្នុងរយៈពេល ៤០ វិនាទី ឬ ជាមួយអាល់កុលជែលក្នុងរយៈ២០ វិនាទី
៣). រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង។
+ វិធានការ ៣កុំ មាន ៖
១). កុំទៅកន្លែងមានមនុស្សច្រើនកុះករ ឬកន្លែងដែលមានមនុស្សម្នាច្រើនពេក។
២). កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។
៣). កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាជាដើម។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរក ការពិនិត្យពិគ្រោះជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខទូរស័ព្ទដែលបានផ្ដល់ជូនខាងក្រោមនេះ។
ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cccmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាច ទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្ល ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕
ដោយ : សិលា