ភ្នំពេញ : ក្រសួងសាធារណការនិងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) បាននិងកំពុងដំណើរការសាងសង់មិនទាន់បញ្ចប់ទាំងស្រុងទេ ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។ បច្ចុប្បន្នការធ្វើចរាចរណ៍យានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។ ដើម្បីជៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់តាមពេលវេលាដែលបានគ្រោងទុក និងជៀសវាងការបង្កគ្រោះថ្នាក់ក្នុងការ ធ្វើដំណើរ ក្រសួងសាធារណការនិងដឹកជញ្ជូនបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿនក្រៅពីយានយន្តដែលបម្រើការងារឱ្យគម្រោង និងយានយន្ដមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូនចាប់ពីពេលជូនដំណឹងនេះតទៅ។
ទទួលបានសេចក្ដីជូនដំណឹងនេះ សូមសាធារណជននិងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងយោគយល់ចូលរួមអនុវត្តទាំងអស់គ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ដោយ : សិលា