ខេត្តកំពង់ធំ : នៅថ្ងៃអង្គារ ទី ១២ ខែកក្កដា ឆ្នាំ២០២២នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន លោកស្រី ឌុក ស៊ីដា អតីតនាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ចំពោះ លោកស្រី ឌុក ស៊ីដា និងលេីកទឹកចិត្តឱ្យខិតខំបន្តថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ហេីយត្រូវខិតខំតស៊ូប្រឹងប្រែងប្រកបមុខរបរណាដែលអាចធ្វើទៅបាន តាមលទ្ធភាពរបស់ខ្លួន និងរស់នៅជាម្លប់ដ៏កក់ក្តៅដល់កូនចៅបន្តទៅមុខទៀត។
លោកស្រី ឌុក ស៊ីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ និងលេីកទឹកចិត្តដល់លោកស្រីជាបន្តបន្ទាប់ ក៏ដូចជាផ្តល់ភាពកក់ក្តៅ ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនរួមមាន ៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន៕
ដោយ : សិលា