ខេត្តព្រះសីហនុ : គិតត្រឹមម៉ោង១៤:៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ទឹកហក់ឡេីងដល់កម្ពស់៥,៦០ម៉ែត្រពីបាតស្ទឹង។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីរដ្ឋបាលសាលាខេត្តព្រះសីហនុនៅរសៀលថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2022។
តាមការសន្និដ្ឋានបើភ្លៀងនៅតែបន្តធ្លាក់នារសៀលថ្ងៃនេះ កម្ពស់ទឹកអាចនឹងហក់ឡេីងដល់កម្រិតប្រកាសអាសន្ន កម្ពស់៦.២ម៉ែត្រ នឹងលិចលើផ្លូវជាតិលេខ៤តែម្ដង។
ករណីទឹកនៅបន្ដជន់ឡើងហើយលិចលើផ្លូវជាតិនោះ អាជ្ញាធរនឹងត្រូវបង្ខំចិត្តបិទចរាចរណ៍ត្រង់ចំណុចនេះជាបណ្ដោះអាសន្នតែម្ដង។ រដហឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ខាងលើ ទាំងអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នបន្ថែមទៀត ជាមួយនឹងស្ថានភាពលិចលង់នៅពេលនេះ។
សូមបញ្ជាក់ថាគិតត្រឹមម៉ោងនេះចរាចរណ៍តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង រថយន្តតូច ធំ អាចធ្វើដំណើរចរាចរណ៍ទៅមកធម្មតា។
សូមជម្រាបជូនបន្ថែមថា គណៈបញ្ជាការឯកភាពស្រុកកំពង់សីលា បានដឹកនាំកម្លាំងចុះពិនិត្យ នឹងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារស្ថានភាពគ្រោះទឹកជំនន់បង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ ( ចំណុចក្រាំងអាត់ចាស់ ) ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៤២គ្រួសារ៕
ដោយ : សិលា