ខេត្តពោធិ៍សាត់ ៖ កាលពីយប់ថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ កំណាត់ផ្លូវជាតិលេខ៥៥ ចាប់ពីចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤១ទៅដល់គីឡូម៉ែត្រលេខ១៤៦ ត្រង់ចំណុច(ភ្នំ១៥០០)ស្ថិតនៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរងការបាក់ហូរដីភ្នំមកលើថ្នល់បង្កការរាំងស្ទះក្នុងការធ្វើដំណើរ បន្ទាប់ពីមានភ្លៀងធ្លាក់បណ្ដាលឱ្យទឹកហូរច្រោះ។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឱ្យដឹងថា ករណីធ្លាក់ភ្លៀងបណ្ដាលឱ្យហូរច្រោះដីភ្នំមកលើថ្នល់នេះ នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានដឹកនាំមន្ត្រីក្រោមឱវាទ រួមដំណើរជាមួយមន្រ្តីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ចុះពិនិត្យមើលស្ថានភាពដើម្បីជួយសម្រួលការធ្វើចរាចរណ៍ ខណៈដែលលោក សុខ ហេង អនុប្រធានក្រុមការងារស្រាវជ្រាវ យុទ្ធសាស្ត្រយោធានៃក្រសួងការពារជាតិ និងជាអនុប្រធានចល័តក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានដឹកនាំកម្លាំង និងរួមសហការពីអាជ្ញាធរមានសមត្ថកិច្ចឃុំថ្មដា យកគ្រឿងចក្ររុញអាចម៍ដីចេញពីផ្លូវ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោកអធិការនគរបាលស្រុកវាលវែងបន្តទៀតថា បញ្ហាភ្លៀងធ្លាក់ធ្វើឱ្យទឹកហូរច្រោះដីភ្នំបាក់មកលើកំណាត់ផ្លូវជាតិលេខ៥៥នេះ ពុំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ គ្រាន់តែរងផលប៉ះពាល់ក្នុងការធ្វើដំណើរបន្តិចបន្តួចប៉ុណ្ណោះ។ ចំពោះវិធានការបន្តលោកកាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ដែលបានចុះផ្ទាល់បានប្រាប់ថា នឹងយកគ្រឿងចក្រមកបន្ថែមដើម្បីអនុវត្តបន្ត ៕
ដោយ៖ ប៉ឹម ពិន