លោកស្រី​ ឱ វណ្ណឌីន៖​ អំពាវនាវដល់ជនរួមជាតិទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈវីរុសអូមីក្រុងប្រភេទថ្មីបានបំប្លែងខ្លួនថ្មីប្រភេទ BA.4 និងBA.5

ចែករំលែក៖

ភ្នំពេញ៖​ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ​ តាមរយៈទីភ្នាក់ងារសារព័ត៌មានAKP បានអំពាវនាវដល់ជនរួមជាតិទាំងអស់ បន្តទៅចាក់វ៉ាក់សាំងដូសជំរុញជាចាំបាច់បំផុត ក្នុងខណៈពេលដែលនៅកម្ពុជា មានវត្តមានវីរុសអូមីក្រុងបំប្លែងថ្មីប្រភេទ BA. 4 និង BA.5 ដែលឆ្លងលឿនជាងប្រភេទអូមីក្រុងមុនៗ និងមានសមត្ថភាពជ្រៀតចូលប្រព័ន្ធភាពស៊ាំបុគ្គលលឿនជាងមុន។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ បានគូសបញ្ជាក់ថា​នៅតាម​ប្រព័ន្ធ​តេឡេ​ក្រាម​របស់លោកស្រី​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ ខែកក្កដា​នេះ។

លោកស្រីវេជ្ជបណ្ឌិត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់រួចហើយថា វីរុសអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 នេះ មានសមត្ថភាពឆ្លងលឿន មានលទ្ធភាពអាចជ្រៀតចូលប្រព័ន្ធភាពស៊ាំក្នុងសរីរាង្គកាយក៏លឿន ហើយធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់បុគ្គលធ្លាក់ចុះក៏លឿនជាងមុនផងដែរ។ ដោយឡែកវីរុសអូមីក្រុងប្រភេទ BA.5 នេះ បានបំប្លែងខ្លួនតទៅទៀតហើយ គឺប្រភេទ BA.5.1 និងប្រភេទ BA.5.2”។

លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ បានបន្ថែមថា ការទទួលយកវ៉ាក់សាំងដូសជំរុញ ទាំងទី៣ ទី៤ និងទី៥ គឺជាជម្រើសដ៏ល្អបំផុតរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដើម្បីបង្កើនអង្គបដិបក្ខការពារសរីរាង្គឡើងវិញ ខណៈដែលស្ថានភាពនៃការឆ្លងរាលដាលនៅកម្ពុជា ក៏ដូចជានៅលើសកលលោក មានការកក្រើកឡើងវិញជាបណ្តើរៗហើយ ជាពិសេសគឺពពួកអូមីក្រុងដែលបានបំប្លែងថ្មី ហើយក៏មានអ្នកស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ហើយដែរ។

លោកស្រី​វេជ្ជបណ្ឌិត​ បានសង្កត់ធ្ងន់ថា ៖ “ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្ត បានបញ្ជាក់ហើយថា មានតែការចាក់វ៉ាក់សាំងឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានប៉ុណ្ណោះ ដែលជាឧបករណ៍ដ៏សំខាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ គ្រប់ប្រភេទទាំងអស់ ទប់ស្កាត់អត្រាសម្រាកពេទ្យ និងកាត់បន្ថយអត្រាមរណៈឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត”។

សូមជម្រាបថា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២២៖​ លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៣៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៧៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់​ ។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់​ ។ លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៥,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់​ ។ លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧០,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់​ ។ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៣៩%។

គួរបញ្ជាក់ផងដែរថា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រលប់​ថ្ងៃ​ទ១៤​ ខែកក្កដា​ ឆ្នាំ​២០២២ម្សិលមិញនេះ​ បានចេញសារសម្លេងបន្ទាន់មួយផ្ញើជូនជនរួមជាតិ ដោយអំពាវនាវឱ្យទៅទទួលវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ០៣ការពារ និង០៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print