នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។

ក្នុងរបាយការណ៍ដែលអាន​ដោយ​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងពីប្រវត្តិកងរាជអាវុធហត្ថដែលបានកកើតដំបូងក្នុងឆ្នាំ១៩៥៧ ព្រមទាំងលទ្ធផលលេចធ្លោក្នុងឆ្នាំកន្លងទៅ ដែលកងរាជអាវុធលើផ្ទៃប្រទេសសម្រេចបាន រួមមាន: ការងារកសាងកម្លាំង, ការងារធានា គ្រឿងបំពាក់, ការងាររដ្ឋបាលទំនាក់ទំនងសាធារណៈ, និងការងារប្រតិបត្តិតួនាទីភារកិច្ច ជាដើម។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ជូនថ្នាក់ដឹកនាំ នាយ និងពលអាវុធហត្ថ​ទាំងអស់ ដែលបាន​លះបង់​កម្លាំងកាយ​ចិត្ត បំពេ​ញ​ភារកិច្ច​​សម្រេចបាន​ស្នាដៃធំៗជា​ច្រើន ពិសេសការរួមចំណែក​ដល់ការថែរក្សាសន្តិភាព ការ​ពារសន្តិសុខ ស​ណ្តាប់​ធ្នាប់​សាធារណៈ ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីវីរភាពរបស់សម្តេច​តេជោ​ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុនចេញទៅប្រទេសវៀតណាម ដើម្បីធ្វើការតស៊ូសង្គ្រោះជាតិ​ ក្នុងឆ្នាំ១៩៧​៧ ដោយត្រូវឆ្លងកាត់ឧបសគ្គប្រកបដោយគ្រោះថ្នាក់ រហូតកសាងបានកម្លាំងតស៊ូរំដោះជាតិ និងទទួលបានជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧​​៩​។​

នាយឧត្តមសេនីយ៍ បញ្ជាក់ថា ដើម្បីបិទបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា សម្តេ​ច​តេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសន្តិភាពពេញ​លេ​ញ ​និងការឯកភាពទឹកដីនៅចុងឆ្នាំ១៩៩៨ ដែលក្នុងប្រវត្តិសាស្ត្រកម្ពុជាមិនដែលមានអស់រយៈពេលជាង៥០០ឆ្នាំមកហើយ។

«ក្រោមពន្លឺសន្តិភាព កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមានប្រកបដោ​យមោទនភាព…។ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ទសវត្សមកនេះ… ជីវភាពប្រជាជនត្រូវបានលើកកម្ពស់ សន្តិសុខ សណ្តាប់ធ្នាប់ សង្គមមានភាពល្អប្រសើរ…។ ហេតុនេះ ទោះបង់ក្នុងតម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នងប្រទេសជាតិ ត្រូវកម្ចាត់ចោលភ្លាមនូវបដិវត្តន៍ពណ៌ និងក្រុមជ្រុលនិយម ដែលមានចរិតបង្កចលាច​ល​ក្នុ​ងសង្គម ដើម្បីការពារសន្តិ​ភាព ​ការពារ​រាជ​រដ្ឋា​ភិបាល​​ស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ….»។ នេះជាការបញ្ជាក់របស់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់កម្លាំងកងរាជអាវុធហត្ថ ត្រូវស្មោះត្រង់ដាច់ខាត និងអនុវត្តម៉ឺងម៉ាត់រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងនោះយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរ សមត្ថកិច្ចនានា ក្តាប់ជាប់រាល់​ព័ត៌មានពាក់ព័ន្ធ សកម្មភាពល្មើសច្បាប់ ដើម្បីទប់ស្កា​ត់និង​បង្ក្រាបបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់ការបណ្តុះបណ្តាលធនធានមនុស្ស ការអប់រំ ហ្វឹកហ្វឺនជាប្រចាំពីវិន័យកងទ័ព សីល​ធម៌ ​វិជ្ជាជីវៈ បច្ចេកទេស មុខជំនាញ ភាភាសាបរទេស ការថែទាំមធ្យោបាយ គ្រឿងបំពាក់​ ការកសាងជំរំបន្ទាយ ការបង្កបង្កើនផល ចិញ្ចឹមសត្វ និងការត្រៀមលក្ខណ:ចូលរួមប្រតិបត្តិការជួយសង្គ្រោះប្រ​ជា​​​​ពល​រដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗផងដែរ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print