ព្រះរាជអាជ្ញារងចោទប្រកាន់ជាផ្លូវការលើសំណុំរឿងជនជាតិចិន១១នាក់ពាក់ព័ន្ធករណីកែច្នៃផលិតគ្រឿងញៀនជាង ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោន

ចែករំលែក៖

ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា សំណុំរឿងជនជាតិចិន ១១នាក់ពាក់ព័ន្ធករណីកែច្នៃផលិតគ្រឿងញៀនជាង១,៨០តោន និងសារធាតុគីមីជាង២៧៦តោន ត្រូវបានចោទប្រកាន់ជាផ្លូវការហើយពីបទ​ផលិតដោយខុសច្បាប់នូវសារធាតុញៀន​ បទ​ ផលិត​ រក្សាទុក​ ដឹកជញ្ជូន​ ឬជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងបទសម្អាតប្រាក់​ តាមមាត្រា​៣៩​ មាត្រា​៤៧​ ​និងមាត្រា​៥៤​ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​ និងមាត្រា​៣៨​នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម​​។

សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនខ្លួនជនត្រូវចោទទាំង១១នាក់នេះទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

សូមបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី ០៤-០៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អុិន សុង, លោក វរសេនីយ៍ឯក តោ ដារិទ្ធ. លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា. លោក វរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់ផែអន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល សម្របសម្រួលដោយ លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល. លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំដូងខេត្តស្វាយរៀង និងលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង
កម្លាំងសមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ រហូតមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនកែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ គឺនៅរាជធានីភ្នំពេញ០៧គោលដៅ, ខេត្តស្វាយរៀង០២គោលដៅ, ខេត្តព្រៃវែង០១គោលដៅ,ខេត្តកណ្តាល២គោលដៅ ក្នុងនោះមានទីតាំងកែច្នៃផលិត១ទីតាំង និងកន្លែងស្តុកទុកចំនួន ៦ទីតាំង។

បច្ចុប្បន្ន ជនត្រូវចោទទាំង១១នាក់កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print