ខេត្តបាត់ដំបង : អនុវត្តន៍តាមបទបញ្ជារបស់យោធភូមិភាគទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានចាត់តាំងលោកវរសេនីយ៍ឯក យិន ចន្ធី មេបញ្ជាការរង ទទួលបន្ទុកកម្លាំងអន្តរាគមន៍ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង។
លោកមេបញ្ជាការរងបានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ ឬយថាហេតុផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ក្នុងឱកាសនោះដែរមេបញ្ជាការរងបានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការរបស់លោកមេបញ្ជាការ និងបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន៕
ដោយ : សហការី