ទាហានអេហ្ស៊ីប និងក្រុមឧទ្ទាមស្លាប់ជាង១០០នាក់ក្នុងការប៉ះទង្គិចគ្នាដោយអាវុធយ៉ាងខ្លាំង

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មានមេណា ផ្លូវការរបស់អេហ្ស៊ីបបានដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់កម្លាំងយោធាផ្សព្វផ្សាយថា កម្លាំងទាហានរបស់ប្រទេសនេះបានវាយឆ្មក់សម្លាប់ក្រុមភេរវកម្ម១០០នាក់ ស្ថិតនៅតំបន់ ស៊ីណាយខាងជើង ខណៈដែលកងទ័ពរបស់ប្រទេសនេះ១៧នាក់ស្លាប់ និង១៣នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ។
សេចក្តីប្រកាសព័ត៌មាននេះបានចេញផ្សាយ បន្ទាប់ពីក្រុមអិស្លាមផ្តាច់ខ្លួនជ្រុលនិយមធ្វើសកម្មភាពទ្រង់ទ្រាយធំវាយប្រហារទៅលើទីតាំងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខជាច្រើនកន្លែងរបស់កម្លាំងយោធាស្ថិតក្នុងតំបន់ស៊ីណាយខាងជើង មានព្រំដែនជាប់ជាមួយប៉ាឡេស្ទីន ហ្គាហ្សាស្រ៊ីព និងអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍បន្តថា កម្លាំងប្រដាប់អាវុធនៅស៊ីណាយខាងជើង ក្នុងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងជើងអាកាសផងបានធ្វើប្រតិបត្តិការវាយឆ្មក់ទៅលើក្រុមឧទ្ទាម បំបែកទីតាំងជួបជុំរបស់ពួកគេ ដែលយ៉ាងហោចណាស់សម្លាប់ពួកគេយ៉ាងតិច១០០នាក់ និងច្រើនសិបនាក់ទៀតរងរបួស និងការបំផ្លាញរថយន្តរបស់ក្រុមនេះអស់២០គ្រឿងផងដែរ។
ក្នុងថ្ងៃទី១ ខែកក្កដា នោះផងដែរ កម្លាំងសន្តិសុខរដ្ឋាភិបាលក៏បានសម្លាប់ក្រុមអិស្លាមជ្រុលនិយមផ្តាច់ខ្លួន៩នាក់ដែលកំពុងតាមរកចាប់ខ្លួននោះ ក្នុងនោះមានមនុស្សរបស់ក្រុមបងប្អូនអិស្លាមផងដែរ ដែលពួកគេទាំងនេះជាប់ពាក់ព័ន្ធករណីបាញ់ប្រហារនៅអគារជាន់ទី៦មួយកាលពីខែតុលា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ ហ្គីហ្សា ជិតរដ្ឋធានី កៃរ៉ូ ។
ក្រសួងមហាផ្ទៃអេហ្ស៊ីបបានប្រកាសថា ក្រុមអិស្លាមជ្រុលនិយមបានវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិស ហើយព្យាយាមរត់គេចខ្លួន ទើបបង្ខំឲ្យកម្លាំងសន្តិសុខត្រូវតែបើកការផ្ទុះអាវុធតបតវិញ រហូតទាល់តែទទួលបានជោគជ័យសម្លាប់ក្រុមឧទ្ទាមទាំងអស់នេះ។ ប៉ូលិសអះអាងថា ពួកគេរកឃើញកាំភ្លើងយន្ត៣ដើម និងគ្រាប់ផ្ទុះជាច្រើនទៀត។
ដោយឡែក ក្រុមបងប្អូនអិស្លាម ដែលកាលពីពេលថ្មីៗនេះត្រូវគេចាត់ចូលក្នុងបញ្ជីខ្មៅថា ជាក្រុមភេរវកម្មនោះ កាលពីថ្ងៃទី១ ខែកក្កដា បានចេញប្រកាសផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួនថា សមាជិកដ៏អង់អាចរបស់ខ្លួនទាំងនោះពុំមានអាវុធនៅក្នុងដៃឡើយ ពួកគេត្រូវបានឃុំខ្លួននៅក្នុងអគារមួយ ហើយសម្លាប់ដោយឈាមត្រជាក់ គ្មានការស៊ើបអង្កេតច្បាស់លាស់។
ក្រុមនេះបានច្រានចោលថា ជាសកម្មភាពរបស់ពួកខ្លួនក្នុងអំពើហិង្សាផ្ទុះឡើងនៅតំបន់ស៊ីណាយ និងនៅគ្រប់ទីកន្លែងដទៃផ្សេងទៀតនោះ ។ ពួកគេបញ្ជាក់ថា វាជាការរៀបចំធ្វើឡើងដោយមេដឹកនាំអេហ្ស៊ីបសព្វថ្ងៃនេះ។
ការប៉ះទង្គិចយ៉ាងបង្ហូរឈាមនេះបានកើតឡើង បន្ទាប់ពីមួយថ្ងៃនៃការប្រារព្ធពិធីខួបថ្ងៃទី៣០ ខែកក្កដា ថ្ងៃដែលមហាបាតុកម្មទ្រង់ទ្រាយធំទម្លាក់អតីតមេដឹកនាំអិស្លាមនិយម លោកប្រធានាធិបតី ម៉ូហាមេដ មឺស៊ី ដោយកងកម្លាំងទាហាន កាលពីដើមខែកក្កដា ឆ្នាំ២០១៣។
ក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តអត្តឃាតសម្លាប់រដ្ឋអាជ្ញាជាន់ខ្ពស់អេហ្ស៊ីប លោក Hesham Barakat កាលពីថ្ងៃទី៣០ ខែមិថុនា រួចមកនោះ មេដឹកនាំរបស់ប្រទេសនេះបានជំរុញវិធានការផ្លូវច្បាប់តឹងរ៉ឹងបន្ថែមទៀតប្រឆាំងទៅលើក្រុមជ្រុលនិយមដែលបានបង្កអំពើហិង្សា និងធ្វើភេរវកម្ម ៕

20150702-074432.jpg

20150702-074439.jpg

...

20150702-074444.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print