រថយន្តទំនើបម៉ាក RAIZE បុកនិងកិនម៉ូតូមួយគ្រឿងបណ្ដាលឱ្យបុរសម្នាក់បាក់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Toyota Raize មួយគ្រឿង បើកបរដោយបុរសម្នាក់បានបើកយ៉ាងលឿន ហើយខណៈមកដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូស្គូពីមួយគ្រឿងដែលកំពុងឆ្លងផ្លូវចំពាក់កណ្តាលកិនអូសទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យបុរសជាម្ចាស់ម៉ូតូបាក់ជើងម្ខាងរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ៣១០ កែងនឹងផ្លូវលេខ១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IY-0482 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៣ពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួនមិនបង្អង់ ស្រាប់តែមានបុរសម្នាក់ទៀតបើករថយន្តម៉ាក Toyota Raize ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BU-3933 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នា ដោយមិនបន្ថយល្បឿនក៏ជ្រុលទៅបុកម៉ូតូស្គូពីដែលកំពុងជិះឆ្លងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹង ធ្វើឱ្យម៉ូតូដួលចូលក្រោមរថយន្តកិនអូសទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យបុរសជាម្ចាស់ម៉ូតូបាក់ជើងម្ខាងរងរបួសធ្ងន់ ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះជាម្ចាស់ម៉ូតូត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជន។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print