ខេត្តស្វាយរៀង: មានភ្លៀងលាយឡំនឹងខ្យល់បោកបក់យ៉ាងខ្លាំង ហើយខណៈនោះក៏មានរន្ទះបាញ់មួយគ្រាប់លាន់កក្រើកប្រថពីបណ្ដាលឱ្យសត្វក្របីមួយក្បាលងាប់ភ្លាមៗនៅកណ្ដាលវាលស្រែ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ស្ថិតនៅក្នុងភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថាម្ចាស់សត្វក្របីមានឈ្មោះ មុំ ស៊ីណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ។
បើតាមម្ចាស់ក្របីឈ្មោះ មុំ ស៊ីណា បានឱ្យដឹងថា មុនកើតហេតុមានភ្លៀងលាយឡំនឹងខ្យល់បោកបក់យ៉ាងខ្លាំងធ្វើឱ្យរូបគាត់និងក្រុមគ្រួសារនាំគ្នារត់ជ្រកក្រោមផ្ទះមិនហ៊ានចេញទៅក្រៅនោះទេ។
ក្រោយមកស្រាប់តែមានផ្លេកបន្ទោនិងរន្ទះបាញ់មួយគ្រាប់លាន់សូរកក្រើកដីបណ្ដាលឱ្យសត្វក្របីរបស់គាត់នៅកណ្ដាលវាលស្រែដេកដួលងាប់តែម្ដង។
អាជ្ញាធរមូលដ្ឋានស្រុករំដួលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាល់រកទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទ ហើយបើមានហេតុការណ៍អាក្រក់ផ្សេងៗត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា៕
ដោយ៖សុថាន