ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែកក្កដា ឆ្នាំ២០២២នេះថា៖ មន្រ្តីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពប្រមាណជាង ៧០០គីឡូក្រាមពីបណ្ដាទីផ្សារ។
ប្រភពដដែលបន្តថា មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកែប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានអនុវត្តតាមការណែនាំរបស់ ឯកឧត្តមប្រតិភូ បន្តយុទ្ធនាការចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារ និងឃ្លាំងស្កុកទំនិញគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានី ខេត្តខាងលើ ដើម្បីទប់ស្កាត់ទំនិញមិនមានអនុលោមភាព ប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់។
យោងទៅតាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញទំនិញចម្រុះខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៧២៨.៥៨គីឡូក្រាម និងដកហូតមករក្សាទុកដើម្បីបន្តនីតិវិធី។ ចំពោះម្ចាស់ទំនិញត្រូវបានមន្រ្តីជំនាញធ្វើការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ៕
ដោយ៖សហការី