ការដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើប្រទេសរុស្ស៊ី គឺមិនមានប្រសិទ្ធភាពនោះឡើយ ផ្ទុយទៅវិញរុស្ស៊ីកាន់តែមានជាងមុន ។ ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីគឺទទួលបានផលតិចតែខាតបង់ច្រើន។
ក្នុងពេលនេះដែរអឺរ៉ុបកំពុងប្រឈមបញ្ហាខ្ពស់នៅរដូវរងាខាងមុខ ដោយកង្វះថាមពលហ្គាសដុតកម្តៅ។ ចំណែករុស្ស៊ីវិញទទួលបានប្រាក់ចំណូលកើនឡើងពីការលក់ថាមពលទៅកាន់តំបន់ផ្សេងក្រៅពីអឺរ៉ុប ក្នុងនោះមានចិននិងឥណ្ឌាជាដើម។
ពាក់ព័ន្ធនិងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនវិញ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា ក្រសួងការពារជាតិអង់គ្លេសនៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា រុស្ស៉ីកំពុងពង្រឹងទីតាំងការពារជាច្រើន នៅទូទាំងតំបន់ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានខ្លីជាប្រចាំបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា ការពង្រឹងទីតាំងការពារខាងលើ ក្នុងនោះរួមមានទាំងសកម្មភាពកងទ័ព, សព្វាវុធ និងទីតាំងការពារដែលស្ថិតនៅចន្លោះទីក្រុងម៉ារីយូប៉ូល និងទីក្រុងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ព្រមទាំងទីក្រុងខឺសុន (Kherson) ខណៈដែលកងទ័ពរុស្ស៉ីក្នុងទីក្រុង ម៉េលីតូប៉ូល (Melitopol) ក៏កំពុងពង្រឹងវិធានការសន្តិសុខផងដែរ។
ការប្រកាសខាងលើរបស់ក្រសួងការពារជាតិអង់គ្លេសកើតមានឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៉ី បានចេញបញ្ជាឱ្យកងទ័ពរបស់ខ្លួន បង្កើនការវាយលុកនៅតាមសមរភូមិសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសក្នុងតំបន់ដូណេតតែម្ដង៕ ដោយធីរីណា
រូបថត : ANTD.VN