សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមសម័យប្រជុំពេញអង្គលើកទី១០នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅប្រទេសម៉ារ៉ុក

ចែករំលែក៖

ភ្នំពេញ : គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញចូលរួមសម័យ ប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមប្រធានបទស្តីពី “ការធានានូវសន្តិសុខសៀងជាបុរេលក្ខខណ្ឌសម្រាប់សន្តិភាព និងភាពអត់ឱនរបស់ សកលលោក”។

សម័យប្រជុំនេះមានការចូលរួមពីសភាប្រទេសជាសមាជិក_IPTP ចំនួនប្រមាណជា ៦៥ ប្រទេស ក្នុងចំណោមប្រទេស៩០ ជាសមាជិក។ ក្នុងឱកាសនៃសម័យប្រជុំនេះផងដែរ ក្រុមប្រឹក្សា ប្រតិបត្តិបានសម្រេចតែងតាំងជាឯកច្ឆ័ន្ទ លោក សួស យ៉ារ៉ា ជាអនុប្រធាន IPTP និងបានដាក់ សំណើឈោ្មះលោក ទៅមហាសន្និបាតជាបេក្ខជនប្រធាន IPTP សម្រាប់ឆ្នាំ២០២៣។

តំណាងរដ្ឋសភាកម្ពុជាទទួលបានកិត្តិយសឡើងថ្លែងសុន្ទរកថាទៅកាន់អង្គប្រជុំ ដោយបាន ផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួនរួមមាន៖ តួនាទីសមាជិកសភាក្នុងការជួយធានាថា ច្រករបៀង មនុស្សធម៌សម្រាប់ស្បៀងអាហារ ថ្នាំសង្កូវ និងតម្រូវការចាំបាច់ផ្សេងទៀត ត្រូវតែបើកទូលាយដល់ ពលរដ្ឋសាមញ្ញគ្រប់ពេលវេលា ការធានានូវខ្សែចង្វាក់ផលិតកម្ម បណ្តាញចែកចាយស្បៀង ផលិត ផលគន្លឹះដូចគ្រាប់ពូជ ជីកសិកម្ម និងប្រេងឥន្ធនៈផ្សេងៗ ត្រូវតែមានការលើកលែង ចេញពីការដាក់ ទណ្ឌកម្មនានា។
សម័យប្រជុំគាំទ្រចំពោះសន្តិភាពនៅកម្ពុជា និងគំនិតផ្ដួចផ្ដើមអំពាវនាវឱ្យមានការបង្កើត វិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រស្បៀង តាមសំណើរបស់កម្ពុជា ដើម្បីសិក្សាស្រាវជ្រាវបែបវិទ្យា សាស្ត្រ និងដាក់ចេញអនុសាសន៍រឹងមាំ សម្រាប់អនុវត្តកម្មវិធីសន្តិភាព និងសន្តិសុខស្បៀង ព្រមទាំង ស្នើឱ្យមានការចូលរួមពីរដ្ឋាភិបាល រដ្ឋសភា និងផ្នែកឯកជន ជាពិសេសភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលអាចផ្តល់ជាដំណោះស្រាយគន្លឹះដល់បញ្ហាប្រឈមសន្តិភាព និងសន្តិសុខស្បៀង។

ជាមួយគ្នានេះ ប្រធានរដ្ឋសភាម៉ារ៉ុក ក៏បានបញ្ជាក់ពីការទទួលយកការអញ្ជើញរបស់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់សភាម៉ារ៉ុក ទៅបំពេញទស្សនកិច្ច និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print