វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង រៀបចំពិធីបិទវគ្គហ្វឹកហ្វឺនជំនាញកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ ជំនាន់ទី១១ និងវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបោសសម្អាតមីន ដល់សិក្ខាកាមមកពីអង្គការAPOPO

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃអង្គារ ០៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ​ មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ ជំនាន់ទី១១ និងវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបោសសម្អាតមីន ដល់សិក្ខាកាមមកពីអង្គការAPOPO ក្រោមអធិបតីភាពរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

សម្រាប់វគ្គហ្វឹកហ្វឺនកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ នេះមានសិក្ខាកាមជាអ្នកជំនាញដោះមីន មកពីអង្គការដោះមីនCSHD កម្ពុជាចំនួន១២រូប មន្រ្តីជំនាញអង្គភាពCMAC ចំនួន៨រូប រូមជាមួយនឹងមន្ត្រីនគរបាលជាតិមកពីស្នងការនគរបាលខេត្តកណ្តាល០១រូប ដែលបានចំណាយពេលក្នុងវគ្គហ្វឹកហ្វឺនចំនួន៤០ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ។

ដោយឡែកសម្រាប់វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបោសសម្អាតមីនមានរយៈពេល១៥ថ្ងៃសម្រាប់បុគ្គលិកមកពីអង្គការAPOPO ដែលមាន សិក្ខាកាមអន្តរជាតិចំនួន០៨នាក់ ដែលមកពីប្រទេសទួគីចំនួន ០២នាក់ (ជាស្រី្ត) ប្រទេសប៉ូស្នៀ ចំនួន០២នាក់ ប្រទេសស៊ូដង់ចំនួន ០៣នាក់ និងប្រទេសកូឡុំប៊ីចំនួន ០១នាក់ ដែលមានរយៈពេល១៥ចាប់ពីថ្ងៃពីថ្ងៃទី០៤ ខែកក្កដា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

មានប្រសាសន៍ក្នុងឱកាសពិធីបិទវគ្គនេះផងដែរ លោកប្រតិភូ បានថ្លែងអរគុណដល់គ្រូបឋម​ ដែលបានយកចិត្តទុកដាក់ក្នុងការផ្ទេរចំណេះដឹងទៅដល់សិក្ខាកាមទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យសិក្ខាកាមយកចំណេះដឹងដែលទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះទៅប្រើប្រាស់ឱ្យចំគោលដៅ និងបានជាប្រយោជន៍នៅក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួនក្នុងវិស័យសកម្មភាពមីន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print