សម្តេចក្រឡាហោម ស ខេង សម្រេចបង្កើតក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុង Facebook Page

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុង Facebook Page ឬហៅថា «ក្រុមការងារហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង»។

តាមសេចក្តីសម្រេចនៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្រុមការងារនេះដឹកនាំដោយនាយឧត្តមសេនីយ៍ ជា សុគន្ធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ធកាល័យសម្តេចក្រឡាហោម ស ខេង ជាប្រធាន រួមនឹងអនុប្រធាន និងសមាជិកចំនួន២៥រូបទៀតផងដែរ។
ក្រុមការងារនេះមានភារកិច្ច៖
ទទួលគ្រប់គ្រងការងារបច្ចេកទេស នៃទំព័រហ្វេសប៊ុករបស់ សម្តេចឡាហោម ផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក វេបសាយ កម្មវិធីលើទូរស័ព្ទដៃ និងបណ្តាញ Online) នូវរាល់សកម្មភាពការងាររបស់ សម្ដេចក្រឡាហោម ក្នុងបេសកកម្ម បម្រើប្រទេសជាតិ និងប្រជាជន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
-ដកស្រង់ សំណើ សំណូមពរ និងមតិយោបល់របស់មហាជនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ ក្រសួងមហាផ្ទៃ ក្នុងទំព័រហ្វេសប៊ុក (Facebook Page) សម្ដេចក្រឡាហោម ដើម្បីគោរពជូន សម្ដេចក្រឡាហោម ជ្រាប និងពិនិត្យផ្តល់មតិដឹកនាំដ៏ខ្ពង់ខ្ពស់

-បញ្ជូនឯកសារតាមចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ទៅបណ្តាអគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ដើម្បីពិនិត្យ និងដោះស្រាយតាមសមត្ថកិច្ច តាមដាន និងជម្រុញការដោះស្រាយរាល់សំណើ សំណូមពរ និងមតិយោបល់របស់មហាជន
ដែលទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ទទួលរបាយការណ៍អំពីលទ្ធផល នៃការដោះស្រាយពីបណ្តាអគ្គនាយកដ្ឋាន ឬអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ដើម្បីគោរពជូន សម្ដេចក្រឡាហោម ជ្រាប និងពិនិត្យផ្តល់មតិ ដឹកនាំដ៏ខ្ពង់ខ្ពស់
ឆ្លើយតបលទ្ធផល នៃការដោះស្រាយទៅម្ចាស់គណនីវិញ តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ក្នុងករណីចាំបាច់ ក្រុមការងារនឹងគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ដើម្បីចុះទៅពិនិត្យដោះស្រាយផ្ទាល់ នូវសំណើ សំណូមពរ និងមតិយោបល់របស់មហាជនដោយ សហការជាមួយបណ្តាអគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ធ្វើរបាយការណ៍បូកសរុបប្រចាំខែ ត្រីមាស ឆមាស អឌ្ឍមាស និងឆ្នាំ អំពីលទ្ធផល នៃការ ដោះស្រាយ ឬមិនទាន់ដោះស្រាយពីបណ្តាអគ្គនាយកដ្ឋាននានា អង្គភាពពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ដើម្បីគោរពជូន សម្តេចក្រឡាហោម ជ្រាប ឬពិនិត្យ សម្រេច និងស្នើសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់ បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ភារកិច្ចរបស់ សម្ដេចក្រឡាហោម ។
ប្រធាន និងអនុប្រធានក្រុមការងារអាចចាត់មន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យជួយការងារក្នុងករណីចាំបាច់ ។ សេចក្តីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។
នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រដ្ឋបាលរាជធានី-ខេត្ត ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះដូចក្នុងប្រការ១ ត្រូវទទួលបន្ទុក អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print