ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះ=ឈ្នះ ដែលមានប្រវែងជាង៧គីឡូម៉ែត្រឡើងវិញដើម្បីសម្រួលចរាចរណ៍និងលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងកិច្ចប្រជុំលើគម្រោងនៃការជួសជុលកំណាត់មហាវិថីឈ្នះ=ឈ្នះនេះកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ជាមួយមន្ទីរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ កំណាត់មហាវិថីឈ្នះ=ឈ្នះត្រូវតែជួសជុលឡើងវិញឱ្យស្អាតជាមួយនឹងការរៀបចិញ្ចឹមផ្លូវ សួន និងការដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ហើយគម្រោងនេះត្រូវតែធ្វើឱ្យបានលឿន ពោលគឺត្រូវតែឱ្យហើយរួចរាល់នៅមុនព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។
លោក ឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវជួសជុលផ្លូវនេះប្រកបដោយសោភណភាព និងត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ជាមួយនិងការដាក់លូដែលអាចឱ្យទឹកហូរ មិនមានដក់លើផ្លូវ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា៖ កំណាត់មហាវិថីឈ្នះ=ឈ្នះ ដែលត្រូវជួសជុលឡើងវិញនេះ មានប្រវែង៧.៣៤០ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ៦A រហូតដល់ស្ពានព្រែកព្នៅ។ ចំពោះការជួសជុសត្រូវចាក់បេតុងឆ្អឹងដែករួចអ៊ុតកៅស៊ូ(AC)ពីរស្រទាប់ ដាក់ប្រព័ន្ធលូចាប់ពីគល់ស្ពានព្រែកព្នៅដល់ផ្លូវជាតិលេខ៦A រៀបខឿន និងរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីតសងខាងផ្លូវ ជាមួយនឹងការគូសគំនូសសញ្ញាចរាចរណ៍ , ដំឡើងស្លាកសញ្ញាចរាចរណ៍, ដំឡើងបង្គោលអគ្គិសនីបំភ្លឺផ្លូវនៅបណ្ដោយសងខាងផ្លូវនិងការរៀបសួនច្បារកណ្ដាលទ្រូងផ្លូវផងដែរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបាននិងកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ខាងមុខ ខណៈពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ ពហុកីឡដ្ឋានជាតិមរតកតេជោ បាននិងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាង។ ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជាមិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាសដែលកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង ៕
ដោយ សំរិត