ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសម្រុកជួសជុលប្រព័ន្ធស្ថានីយបូមទឹកបឹងត្របែក និងបឹងទំពុនហើយ ដើម្បីបូមទឹកស្អុយឱ្យទាន់រដូវវស្សានេះ ។ លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការងារស្ថាបនាជញ្ជាំងបុកស៊ីផាយ ចាក់ដីព័ទ្ធជុំវិញអាងស្តុក និងការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក នាព្រឹកថ្ងៃទី២០កក្កដា ឆ្នាំ២០២២ ។
លោក ឃួង ស្រេង បានថ្លែងថា៖ការងារស្តារអាងស្តុកទឹក ការស្ថាបនាជញ្ជាំងបេតុងទប់ដីព័ទ្ធជុំវិញអាងស្តុកទឹកនិងស្ដារភក់ចេញពីអាងនិងប្រឡាយបឹងត្របែកក៏ដូចជាការកែលម្អដាក់ម៉ូទរ័បូមថ្មីដែលមានសមត្ថភាពបូមខ្លាំង គឺយើងគ្រោងធ្វើតាំងពី២ឆ្នាំមុនមកម្ល៉េះដោយបានបញ្ជាទិញម៉ូទ័របូមពីប្រទេសអាល្លឺម៉ង់។ ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ មិនមែនទាល់តែមានភ្លៀងទើបយើងធ្វើ ឬថាទាល់តែគោបាត់ទើបធ្វើរបងនោះទេ។
កាលពីព្រឹកថ្ងៃចន្ទលោកអភិបាលរួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ពាក់ព័ន្ធបានចុះទៅពិនិត្យជាក់ស្តែងតាមស្ថានីយបូមទឹក និងប្រឡាយបង្ហូរទឹកមានស្ថានីយបឹងត្របែក ស្ថានីយបឹងទំពុន ប្រឡាយស្ទឹងមានជ័យជាដើម ដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២០កក្កដានេះដែរ លោក ឃួង ស្រេង បានលើកឡើងថា៖ ការស្តារប្រឡាយនៅប៉ែកខាងត្បូងឆៀងខាងលិចរាជធានីភ្នំពេញធ្វើយ៉ាងណារំដោះជំនន់ទឹកភ្លៀងចេញពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យបានជាអតិបរមា ។
ដោយឡែកការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែករួមទាំងការ
ស្ថាបនាជញ្ជាំងបេតុង ការចាក់ដីព័ទ្ធជុំវិញអាងស្តុកបឹងត្របែកក៏កំពុងដំណើរការ បានមួយផ្នែករួចហើយអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។ តែការងារនេះក៏ជួបការលំបាក ដោយប៉ះទៅលើសំណង់មិនរៀបរយ ឬសំណង់រំលោភលើចំណីប្រឡាយឬក្នុងអាងស្តុកទឹក។
ពាក់ព័ន្ធបញ្ហានេះ លោកអភិបាល រាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការលើកស្លាកបង្ហាញពីគម្រោងស្តារអាងស្តុកទឹកនេះដោយដាក់ឱ្យបានច្រើនកន្លែងដើម្បីឱ្យប្រជាពលរដ្ឋ បានជ្រូតជ្រាបពីច្បាប់។ ចំណែកអាជ្ញាធរដែនដីពាក់ព័ន្ធត្រូវចុះពិនិត្យបង្គោលកំណត់ព្រំផ្ទៃបឹង ដែលបានបោះរួចហើយ។
លោក ឃួង ស្រេង ក៏បានជំរុញឱ្យបង្កើតក្រុមការងារចំនួន២គឺទីមួយ ក្រុមការងារបច្ចេកទេស ទី២ក្រុមការងារដោះស្រាយផលប៉ះពាល់ឱ្យបានរួចរាល់មុននឹងយើងចុះអនុវត្តគម្រោងឱ្យបានឆាប់បំផុត។ យើងមិនទុកឱ្យមនុស្សប៉ុន្មាននាក់មករារាំងធ្វើឱ្យស្ទះទឹកក្នុងទីក្រុងទាំងមូលបានទេ គឺយើងទទួលយកមិនបានទេ៕ ដោយ សំរិត