នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ជាគម្រប់ខួប៤៤ឆ្នាំ ដែលនាយឧត្តមសេនីយ៍ សៅ សុខា បានចូលបម្រើកងទ័ព

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ជាគម្រប់ខួប៤៤ឆ្នាំ ដែលនាយឧត្តមសេនីយ៍ សៅ សុខា បានចូលបម្រើកងទ័ព រហូតទទួលបានតំណែងជាមេបញ្ជាការកងទ័ពកំពូលម្នាក់នាពេលបច្ចុប្បន្ន នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់ការកាន់តំណែងជាអគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំស្ថាប័នកងកម្លាំងមួយនេះមានការរីកចម្រើនយ៉ាងខ្លាំង និងបានក្លាយជាសេនាធិការ ដ៏រឹងមាំមួយរបស់ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលលើកិច្ចការងាររក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសបានចូលរួមទប់ស្កាត់ និងការបង្ក្រាបចលនាខុសច្បាប់ផ្សេងៗដែលប៉ុនប៉ងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។

, ក្នុងឱកាសគម្រប់ខួប៤៤ឆ្នាំ នៃការចូលបម្រើកងទ័ពរបស់យុវជនកំព្រា សៅ សុខា (២១ កក្កដា ១៩៧៨-២១ កក្កដា ២០២២) កូនចៅជាយោធិន នៃកងរាជអាវុធហត្ថគ្រប់ថ្នាក់ បានកោតសរសើរនូវវីរភាពអង់អាចក្លាហាន ឆន្ទៈមោះមុត សេចក្តីស្មោះត្រង់ ការទទួលខុសត្រូវខ្ពស់ និងភាពដឹកនាំដ៏ឈ្លាសវៃ មានគុណធម៌ ក្រមសីលធម៌ វិជ្ជាជីវៈ កសាងកងរាជអាវុធហត្ថរីកចម្រើនគ្រប់ផ្នែក គ្រប់វិស័យ ចាប់ពីការហូប ការស្លៀកពាក់ ស្នាក់នៅ កន្លែងធ្វើការ អប់រំបណ្ដុះបណ្ដាលធនធានមនុស្ស បំពាក់មធ្យោបាយ យុទ្ធោបករណ៍ និងការងារទំនាក់ទំនង ជួយសង្គម ។ល។

ក្រោយពីទទួលបានសាររបស់កូនចៅក្រោមឱវាទតាមប្រព័ន្ធទំនាក់ទំនងនានា នាយឧត្តមសេនីយ៍ បានឆ្លើយតបដូចខាងក្រោម៖

ជាបឋមខ្ញុំថ្លែងនូវពាក្យថា «អរគុណ» នូវការលើកទឹកចិត្តខ្ញុំ ខ្ញុំរីករាយទទួលដោយស្មោះសបំផុត។ ប៉ុន្តែខ្ញុំម្នាក់ឯងមិនអាចកសាងកេរ្តិ៍ឈ្មោះ កិត្តិយស តម្លៃសម្រាប់កងរាជអាវុធហត្ថ និងកិច្ចការធំតូចជាច្រើនបានឡើយ បើគ្មានបងប្អូនដែលមានមនសិការ ស្រឡាញ់ គាំទ្រចូលរួម។ ឆ្លៀតឱកាសនេះខ្ញុំសូមចែករំលែកពាក្យពេចន៍សរសើរលើកទឹកចិត្តខ្ញុំ ជូនទៅបងប្អូនទាំងអស់គ្នាម្នាក់បន្តិចៗស្មើៗគ្នា ពិសេសសូមគ្រប់គ្នាព្រមទាំងក្រុមគ្រួសារប្រកបតែនិងសុខភាពល្អកម្លាំងមាំមួនជន្មាយុវែង ចម្រុងចម្រើនការប្រកបមុខរបប ជោគជ័យការងារបម្រើរដ្ឋ មានសុភមង្គល និងជួបតែសំណាងល្អជានិច្ច។

នាយឧត្តមសេនីយ៍ បានបន្ដថា យើងរស់នៅ ធ្វើការជាមួយគ្នា ២៩ឆ្នាំហើយ ពិសេស ២៣ឆ្នាំដែលខ្ញុំទទួលខុសត្រូវជាមេបញ្ជាការ ខ្ញុំសូមបងប្អូនមេត្តាយោគយល់ និងអព្យាស្រ័យ នូវរាល់ពាក្យសំដី អាកប្បកិរិយា មាត់ធំ មាត់តូច កាយវិការខ្វះការគោរព ឬទង្វើរទាំងឡាយណាដែលធ្វើអោយប៉ះពាល់អារម្មណ៍បងប្អូនកើតជាការមិនសប្បាយចិត្ត សូមមេត្តាអនុគ្រោះឲ្យខ្ញុំផង ក្នុងការផ្តល់គុណតម្លៃ នៃការខិតខំជាតួនាទី មុខតំណែង ឋានន្តរស័ក្កិ ឬការទាក់ទងប្រចាំថ្ងៃមិនបានស្មើៗគ្នា។ ខ្ញុំគ្មានគំនិតបក្ខពួកនិយម គ្រួសារនិយម អាត្មានិយម តំបន់និយមនោះទេ តែដូចបងប្អូនដឹងស្រាប់ហើយនំមួយដុំតូចតែអ្នកដែលត្រូវទទួលទានមានគ្នាច្រើន ខ្លះនៅជិត ខ្លះនៅឆ្ងាយ ខ្លះបាន ខ្លះអត់ ខ្ញុំដឹងខ្ញុំយល់ តែខ្ញុំមិនដឹងត្រូវធ្វើយ៉ាងម៉េចមាន តែពាក្យអង្វរកសូមមេត្តា យោគយល់ឲ្យខ្ញុំតែប៉ុណ្ណោះ។ សូមអរគុណ សង្ឃឹម ជឿជាក់លើ បងប្អូនទាំងអស់ នឹងរួមទទួលរែកពន់កិច្ចការតូចធំដែលមានប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិបន្តដើម្បីថែរក្សាតម្លៃ កិត្តិយស កេរ្ត៍ឈ្មោះកងរាជអាវុធហត្ថតទៅមុខទៀត។

ខ្ញុំអស់ឪពុក ម្តាយ បងប្អូន តែខ្ញុំមានបងប្អូនទាំងអស់គ្នារាប់អាន ស្រឡាញ់ គាំទ្រ ចែករំលែក យកអាសាខ្ញុំ ខ្ញុំពិតជាសំណាង។ សូមបងប្អូនគ្រប់រូបមេត្តាទទួល នូវក្តីគោរព ស្រឡាញ់ ដឹងគុណពីខ្ញុំចំពោះបងប្អូនជានិច្ច៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print