ភ្នំពេញ : អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូន លោក-លោកស្រី ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ម្ចាស់សហគ្រាស និងអ្នកតំណាងទាំងអស់ ដែលកំពុងធ្វើសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ មេត្តាជ្រាបថា ក្រុមការងារនៃ អគ្គនាយកដ្ឋានពន្ធដារនឹងចុះអង្កេតដល់ទីតាំងសហត្រាសរបស់លោក-លោកស្រី ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ តទៅ។ គោលបំណងនៃការចុះអង្កេតសហគ្រាសនេះ គឺដើម្បីផ្តល់សេវាចុះបញ្ជីពន្ធដារឱ្យកាន់តែងាយស្រួលជូនអ្នកជាប់ពន្ធដល់ទីតាំង សហគ្រាសជាក់ស្តែង និងប្រមូលនូវព័ត៌មានអំពីសហគ្រាសរួមមាន អត្តសញ្ញាណម្ចាស់សហគ្រាស សកម្មភាពអាជីវកម្ម និង ព័ត៌មានផ្សេងៗ សម្រាប់គាំទ្រដល់ការកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា ពង្រឹងការប្រកួតប្រជែងដោយស្មើភាព និង ពង្រឹងអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត។ ដូចនេះ ដើម្បីសម្រួលដល់ការចុះអង្កេតសហគ្រាសឱ្យប្រព្រឹត្តទៅដោយរលូន សូមលោក-លោកស្រី មេត្តាត្រៀម ឯកសារច្បាប់ថតចម្លងពាក់ព័ន្ធមួយចំនួន ដូចខាងក្រោម៖ * ករណីសហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចរាល់ ប័ណ្ណពន្ធប៉ាតង់ (ឆ្នាំចុងក្រោយ) ឬវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ឬ ប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ ឬបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតបញ្ជាក់សាខាសហគ្រាស ( ករណីសាខា) ។
ករណីសហគ្រាសដែលមិនទាន់ចុះបញ្ជីពន្ធដារ
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់ម្ចាស់សហគ្រាស ឬអ្នកតំណាង លិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតបើកអាជីវកម្ម ពីមន្ទីរ ឬក្រសួង ឬស្ថាប័នពាក់ព័ន្ធ (ប្រសិនបើមាន)។
អគ្គនាយកដ្ឋានពន្ធដារ ជឿជាក់និងសង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រី ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ម្ចាស់សហគ្រាស និងអ្នកតំណាងទាំងអស់ នឹងចូលរួមសហការផ្តល់ព័ត៌មាន ឯកសារ និងបង្កលក្ខណៈងាយស្រួលក្នុងការ អនុវត្តការងារនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជាធរមាន៕
ដោយ : សុខ ខេមរា