គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រកាសថា រន្ទះឆ្នាំនេះថយចុះប្រហែល៤០%ធៀបនឹងឆ្នាំមុន

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអោយដឹងថា រន្ទះឆ្នាំនេះថយចុះប្រហែល៤០%ធៀបនឹងឆ្នាំមុន ដូច្នេះមហន្តរាយដែលបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋសត្វក៏មានការថយចុះទៅតាមនោះដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ក្នុងការការពារអាយុជីវិតនៅពេលមានភ្លៀងផ្គររន្ទះ។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២២នេះ គ្រោះមហន្តរាយធម្មជាតិដោយបាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៦១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣២នាក់ ស្ត្រី ៨នាក់ រងរបួស ២៨នាក់ ងាប់គោក្របីចំនួន ៦៩ក្បាល និងខូខាតផ្ទះចំនួន ១១ខ្នង។

ចំនួននេះ បើប្រៀបធៀបទៅនឹងរយៈពេល ៦ខែ ឆ្នាំ ២០២១កន្លងទៅ ឃើញថា មានការថយចុះរហូតដល់ ៤០% ខណៈ ៦ខែ ឆ្នាំមុន មានរន្ទះបាញ់បានកើតឡើងចំនួន ៧០លើក ខូចខាតផ្ទះ ៥ខ្នង បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥៩នាក់ រងរបួស ៤៤នាក់ និងងាប់គោក្របីចំនួន ៣២ក្បាល។ប៉ុន្តែបើធៀបនឹង ៦ខែ ឆ្នាំ ២០២០ មានការកើនឡើងវិញ ដែលមានករណី​រន្ទះបាញ់កើតឡើងចំនួន ៦១លើក ខូចខាតផ្ទះ ៩ខ្នង បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២៩នាក់ រងរបួស ២១នាក់ និងងាប់គោក្របីចំនួន ៤៥ក្បាល។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះទាំងអស់គ្នា នៅក្នុងរដូវភ្លៀងនេះ ដើម្បីកាត់បន្ថយការរងគ្រោះ និងការស្លាប់ដោយសារបាតុភូតធម្មជាតិនេះ។លោកថា ក្នុងការទប់ស្កាត់បញ្ហារន្ទះបាញ់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោ​ងនឹងរៀបចំបំពាក់ឧបករណ៍ការពាររន្ទះ នៅតាមតំបន់ប្រឈមមួយចំនួន ដែលតែងតែកើតមាននូវបាតុភូតរន្ទះញាក់ញាប់ ដើម្បីទប់ស្កាត់កុំឲ្យមនុស្សសត្វ រងរបួសស្លាប់ជាបន្តទៀត ជាពិសេសបំពាក់នៅខេត្តចំនួន ៣មុនគេ ដែលមានករណីរងគ្រោះច្រើនជាងគេរួមមាន៖ ខេត្តសៀមរាប ពោធិ៍សាត់ និងខេត្តបាត់ដំបង។

ប៉ុន្តែមុននឹងឈានទៅបំពាក់ឧបករណ៍ការពាររន្ទះនេះ គណៈកម្មការជាតិគ្រោះមហន្តរាយ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ពិសេសស្វែងរកថវិកាពីដៃគូ ក៏ដូចជាស្នើសុំថវិកាពីរាជរដ្ឋាភិបាល ក្នុងការទិញឧបករណ៍ទាំងនោះ។

លោក សុទ្ធ គឹមកុលមុនី បានបន្ថែមថា នាពេលឆាប់ៗខាងមុខនេះ ក្រុមការងារគណៈកម្មការជាតិគ្រោះមហន្តរាយ និងចុះទៅសិក្សានៅខេត្តសៀមរាប ពោធិ៍សាត់ និងបាត់ដំបង ដើម្បីពិនិត្យមើលនិងវាយតម្លៃពីតម្រូវការជាក់ស្តែង ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំសម្រាប់អនុម័តបន្ត៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print