សេដ្ឋកិច្ចកម្ពុជា​រំពឹងថា​នឹងងើបឡើង៥,៣%​នៅឆ្នាំ២០២២​កំពុងស្ថិតនៅ​ភាពមិនច្បាស់លាស់

ចែករំលែក៖

ភ្នំពេញ៖ ដោយសារវិបត្តិសង្គ្រាមរុស្សីនិងអ៊ុយក្រែននិងការរីករាលដាលជំងឺកូវីដ19ធ្វើឱ្យក្តីរំពឹងចំពោះសេដ្ឋកិច្ចលើកឡើងវិញហាក់ដូចជាមិនច្បាស់លាស់។យ៉ាងណាក៏ដោយទេសាភិបាលធនាគារជាតិនៃកម្ពុជាមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចលើពិភពលោកនិងពិសេសសម្រាប់ប្រទេសកម្ពុជា។

តាមលោកជាចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាសេដ្ឋកិច្ចកម្ពុជាដែលរំពឹងថា នឹងបន្តងើបឡើងវិញប្រមាណ៥,៣%នៅឆ្នាំ២០២២នេះកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយទេដោយសារបញ្ហាឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការរាតត្បាតមេរោគកូវីដ-១៩ បំប្លែងថ្មី។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាកាលពីរសៀលថ្ងៃទី ២០ ខែកក្កដាលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថាមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកអាចសម្រេចបានទាបជាងការរំពឹងទុកនៅឆ្នាំ២០២២ ដោយបន្តប្រឈមភាពមិនច្បាស់លាស់និងហានិភ័យចម្បងៗ ដូចជា៖ ឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលមិនទាន់ស្វែងរកដំណោះស្រាយជាក់លាក់នៅឡើយ ផលប៉ះពាល់នៃការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិតនៅក្នុងប្រទេសអភិវឌ្ឍន៍ និងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ។

លោក ទេសាភិបាលបានបន្តថា បញ្ហាទាំងនេះបាននិងកំពុងបង្កការប៉ះទង្គិចដល់ខ្សែច្រវាក់ផលិតកម្មសកល ដាក់សម្ពាធមកលើអត្រាអតិផរណាពិភពលោក និងបង្កើនលំហូរចេញនៃមូលធនពីប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ដែលនឹងដាក់សម្ពាធបន្ថែមលើតម្លៃរូបិយប័ណ្ណនិងទុនបម្រុងអន្តរជាតិនៅក្នុងប្រទេសទាំងនោះ។

លោកទេសាភិបាលបានបន្តទៀតថា ទោះយ៉ាងណា សកម្មភាពសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថាបន្ត​ងើបឡើងប្រមាណ ៥,៣% ខ្ពស់ជាងឆ្នាំ២០២១ ដែលមានកម្រិត ៣% ដែលគាំទ្រជាចម្បងដោយកំណើនការនាំចេញនៃវិស័យកម្មន្តសាល កំណើនវិស័យសំណង់និងអចលនទ្រព្យ និងកសិកម្ម ជាមួយនឹងការងើបឡើងសន្សឹមៗនៃវិស័យទេសចរណ៍។

ទោះជាយ៉ាងនេះក្តី លោកទេសាភិបាល បានបន្ថែមថាស្ថានភាពអត្រាអតិផរណាមានភាពមិនប្រាកដប្រជាខ្ពស់ ដោយអាស្រ័យជាចម្បងលើឥទ្ធិពលនៃការអូសបន្លាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ទៅលើថ្លៃប្រេងនិងការអនុវត្តវិធានបិទខ្ទប់តំបន់ផលិតកម្មនៅប្រទេសចិន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ ជាមួយនឹងការរំពឹងទុកថាថ្លៃប្រេងនឹងថយចុះ អតិផរណាក៏ត្រូវបានព្យាករថាថយចុះផងដែរនៅឆមាសទី២នេះ។

លោកទេសាភិបាលបានបញ្ជាក់ថាលើសពីនេះ សេដ្ឋកិច្ចកម្ពុជាក៏អាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួន ដូចជា៖ ហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប ដែលអាចប៉ះពាល់ដល់ការនាំចេញ និងការថមថយកំណើនសេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការងើបឡើងវិញនៃវិស័យទេសចរ ណ៍និងអចលនទ្រព្យ។

ម្យ៉ាងទៀត ថ្វីបើការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក មិនមានឥទ្ធិពលដោយផ្ទាល់លើអត្រាការប្រាក់នៅកម្ពុជា ប៉ុន្តែក៏អាចធ្វើឱ្យមានសម្ពាធលើអត្រា-ប្តូរប្រាក់ ដោយសារការឡើងថ្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

គួរបញ្ជាក់ថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោកកម្ពុជា ជួបកំណើនអតិផរណាទំនិញខ្ពស់បំផុត ៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយនេះ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print